អានតួអត្ថបទ
កម្ពុជា

ក្រសួង​យុត្តិធម៌​៖​ ដំណើរ​ការ​លើក​លែង ​និង​បន្ធូរ​បន្ថយ​ទោស​ឆ្នាំ​នេះ ​តឹង​រឹង

គណៈកម្មការ​ជាតិ​រៀប​ចំ​ការ​លើក​លែង​ទោស ​និង​បន្ធូរ​បន្ថយ​ទោស​នៃ​ក្រសួង​យុត្តិធម៌​ នៅ​ថ្ងៃ​ទី​២៨​ តុលា​នេះ ​បាន​បិទ​បញ្ចប់​ដំណើរ​ការ​ពិនិត្យ​និង​វាយ​តម្លៃ​លើ​បេក្ខភាព​ទណ្ឌិត​ដែល​ត្រូវ​លើក​លែង​ទោស​ និង​បន្ធូរ​បន្ថយ​ទោស​ហើយ។ ​ក្រសួង​បាន​បញ្ជាក់​ថា​ឆ្នាំ​នេះ​នីតិវិធី​នៃ​ការ​ជ្រើសរើស​ត្រូវ​បាន​រឹត​បន្តឹង។ ពោល​គឺ​មាន​អ្នក​ទោស​តិច​តួច​តែ​ប៉ុណ្ណោះ​ដែល​ត្រូវនឹង​​លើក​លែង។

លោក កឹម សន្តិភាព​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​
លោក កឹម សន្តិភាព​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ Facebook/Kem Santepheap
ផ្សាយពាណិជ្ជកម្ម

មាន​អ្នកទោស​មិន​ដល់៦០នាក់​ផង​នោះទេ ដែល​នឹងត្រូវ​ទ​ទូល​បានការ​លើកលែងទោស​ទាំង​ស្រុង​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អ៊ុំ​ទូក​ឆ្នាំ២០១៤នេះ។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក​កឹម សន្តិភាព​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​នៅ​រសៀល​ថ្ងៃ​អង្គារ ទី២៨តុលា​នេះ។ តាម​តួលេខ​បឋម​ក្រោយ​កិច្ចប្រជុំ​របស់​គណៈកម្មកា​រ​ជាតិ​រៀបចំ​ការលើកលែងទោស និង​បន្ធូរ​បន្ថយ ទោស អ្នកនាំពាក្យ​​ដដែល​ បាន​បញ្ជាក់ថា ក្នុងចំណោម​អ្នកទោស​ចំនួន៨២០ ដែល​ក្រសួងមហាផ្ទៃ​បាន​បញ្ជូនមក មានតែ​អ្នកទោស៦១៩នាក់​តែប៉ុណ្ណោះ​ដែល​ត្រូវបាន​ពិនិត្យ ហើយ​ក្នុងនោះ អ្នក​ដែល​ត្រូវ​ទទួលបាន​ព្រះរាជទាន​លើកលែងទោស​ទាំងស្រុង​មិន​ដល់ ១០ភាគរយ​នោះទេ។

 

 

លោក​បាន​បន្ថែមថា ដំណើរការ​ជ្រើសរើស​បេក្ខភាព​លើកលែងទោស និង​បន្ធូរ​បន្ថយទោស​នៅ​ឆ្នាំនេះ ត្រូវ​ឆ្លងកាត់​ការវាយតម្លៃ​ ចំនួន៣ដំណាក់កាល​ គឺ​ពី​ប្រធាន​ពន្ធ​នាគារ​ផ្ទាល់ បន្ទាប់​មក​គណៈកម្មកា​រ​លើកលែងទោស​ខេត្ត និង​ចុងក្រោយ​គណៈកម្មការ​ជាតិ​រៀបចំ​ការលើក​លែង​ទោស និង​បន្ធូរ​បន្ថយទោស​នៃ​ក្រសួងយុត្តិធម៌។ វិធានការ​នេះ គឺជា​យន្តការ​ថ្មី​របស់​ក្រសួង។ បើតាម​អ្នកនាំពាក្យរបស់ក្រសួង ការ​បន្ធូរ​បន្ថយទោស និង​លើកលែងទោស គឺ​ត្រូវ​ពិនិត្យ​លើ​ប្រភេទ​បទល្មើស​ណា​ ដែល​មិន​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​ធ្ងន់ធ្ងរ ស្ថាន​ភាព​​ជរា​នៃ​អ្នកទោស និង​ឥរិយាបទ​អ្នកទោស​ជាដើម។

សូមបញ្ជាក់ថា មិន​មាន​ការបញ្ជាក់​ណាមួយ​ត្រូវបាន​ពន្យល់​ពី​មូលហេតុ​នៃ​ការ​រឹតបន្តឹង​ការ​លើក​លែងទោស និង​បន្ធូរ​បន្ថយទោស​ឆ្នាំ២០១៤នេះ​ទេ។ ប៉ុន្តែ​ជាការ​កត់សំគាល់ ក្នុង​ព្រះ​រាជពិធី​ថ្វាយ​ព្រះ​ភ្លើង​របស់​ព្រះ​បរមកោដ្ឋ​ កាលពី​ឆ្នាំ២០១៣ មាន​អ្នកទោស ៤១២នាក់​ក្នុង​ចំណោម​៤៩៦នាក់​ត្រូវ​លើកលែងទោស ហើយ​កាលពី​ពិធីបុណ្យ​ចូលឆ្នាំ​ជាតិថ្មីៗនេះ មាន​អ្នកទោស​ចំនួន៧០ត្រូវបាន​លើកលែង​ទោស​ទាំងស្រុង។

យ៉ាងណាក៏ដោយ លោក​អំ សំអាត​ មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​នៃ​អង្គការ​សិទ្ធិមនុស្ស ​លីកាដូ បាន​លើកឡើងថា​ ការជ្រើសរើស​ទណ្ឌិត​ដើម្បី​ប​ន្ធូរ​បន្ថយទោស​ពី​ពន្ធនាគារ​នោះ គឺ​នៅតែ​មិនមាន​តម្លាភាព​នៅឡើយ​ទេ ព្រោះថា​ទណ្ឌិត​មួយចំនួន​ដែលមាន​លក្ខខណ្ឌ​គ្រប់គ្រាន់​សម្រាប់​ជ្រើសរើស ប៉ុន្តែ​មិនត្រូវ​បានជ្រើសរើស។ ពោលគឺ​អ្នក​ដែលមាន​លុយ​តែប៉ុណ្ណោះ​ទើប​មានឈ្មោះ​ក្នុង​បញ្ជី​លើកលែងទោស និង​បន្ធូរ​បន្ថយទោស​ដែល​រៀបចំឡើង​ដោយ​ប្រធាន​ពន្ធនាគារ។ ដូចនេះ លោក អំ សំអាត​ស្នើឱ្យ​ក្រសួងយុត្តិធម៌​បង្កើត​គណៈកម្មការ​វាយតម្លៃ​មួយ​របស់​ក្រសួង​ដើម្បី​ជ្រើស​ដោយផ្ទាល់​ ជៀសវាង​ការរិះគន់​ដែល​តែងតែ​កើត​ឡើង។

យ៉ាងណាក៏ដោយ ក្រសួងយុត្តិធម៌​ដែល​អះអាងថា​ បាន​រឹតបន្តឹង​នីតិ​វិធី​លើកលែង និង​បន្ធូរ​បន្ថយទោស​ នៅ​ឆ្នាំ២០១៤នេះ មិនទាន់​អាច​បញ្ចេញ​តួលេខ​ចុងក្រោយ​នៃ​បញ្ជី​អ្នកទោស​ដើម្បី​ថ្វាយ​ព្រះមហាក្សត្រ​ចុះ​ព្រះ​ហត្ថលេខា​បាន​នៅឡើយ​នោះទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ