អានតួអត្ថបទ
អ៊ុយក្រែន-រុស្ស៊ី

រុស្ស៊ី​ចល័ត​ទ័ព​នៅ​តាម​ព្រំដែន​តំបន់​គ្រីម៉េ ស្រប​ពេល​ដែល​ប្រធានាធីបតី​អ៊ុយក្រែន និង​អាមេរិក​ជួបគ្នា

កាល​ពី​ថ្ងៃ​ព្រហ្បតិ៍ទី​១៨ កញ្ញា មាន​ទាហាន​រុស្ស៊ី​ប្រមាណ​ជា​៤ពាន់​នាក់ ត្រូវ​បាន​បញ្ជូន​ឲ្យ​ទៅ​ឈរជើង​ នៅ​តាម​ព្រំដែន​ជាមួយ​អ៊ុយក្រែន ក្នុង​តំបន់​គ្រីម៉េ។ អ្នក​នាំពាក្យ​រដ្ឋាភិបាល​អ៊ុយក្រែន បាន​ចោទ​រុស្ស៊ី​ថា មាន​ចេទនា​គំរាមកំហែង​ស្ថិរភាព និង​បូរណភាព​ដែនដី​អ៊ុយក្រែន។ ដោយ​ឡែក ប្រធានាធិបតី​រុស្ស៊ី លោក​ពូទីន បាន​និយាយ​ថា​ទណ្ឌកម្ម​ដែល​ប្រទេស​អឺរ៉ុប​ បាន​ដាក់​លើ​រុស្ស៊ី គឺ​វា​ខុស​ពី​គោលការណ៍​ច្បាប់​ របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក។

បើយើង បើកផែនទីgoogle យើង​ឃើញ​ថា តំបន់​គ្រីម៉េ លែង​នៅ​ក្នុង​ដី​អ៊ុយក្រែន​ទៀត​ហើយ​ តែ​ជា​ដី​បស់​ រុស្ស៊ី
បើយើង បើកផែនទីgoogle យើង​ឃើញ​ថា តំបន់​គ្រីម៉េ លែង​នៅ​ក្នុង​ដី​អ៊ុយក្រែន​ទៀត​ហើយ​ តែ​ជា​ដី​បស់​ រុស្ស៊ី
ផ្សាយពាណិជ្ជកម្ម

អ្នក​នាំពាក្យ​ក្រសួង​ការពារជាតិ​អ៊ុយក្រែន បាន​ថ្លែង​ឲ្យ​ដឹង​ថា រុស្ស៊ី​បាន​បញ្ជូន​កងទ័ព មិន​តិច​ជាង​៤ពាន់​នាក់​ទេ ឲ្យ​ចល័ត​នៅ​តាម​ព្រំដែន​ក្នុង​តំបន់​គ្រីម៉េ។ ការ​ធ្វើ​បែប​នេះ​វាស្រប​ពេល​ទៅ​នឹង​ជំនួប​រវាង​លោក បារ៉ាក់ អូបាម៉ា និង​លោក​ប៉េត្រូ ប៉ូរ៉ូឆិនកូ នៅ​ក្រុង​វ៉ាស៊ីនតោន នៅ​ថ្ងៃ​សុក្រ​នេះ។ អ៊ុយក្រែន មើល​ឃើញ​ការ​ពង្រាយ​ទ័ព​តាម​ព្រំដែន​នេះ ជា​ការ​បញ្ចេញ​ចង្កូម​របស់​រុស្ស៊ី គំរាម​ដល់​សន្តិសុខ​របស់​អ៊ុយក្រែន។

 
សូម​រំលឹក​ថា តំបន់​គ្រីម៉េ ទើបតែ​ត្រូវ​បាន​រុស្ស៊ី ប្រើប្រាស់​កម្លាំង​យោធា វាយ​ដណ្តើម​ពី​អ៊ុយក្រែន​ កាល​ពី ខែ​មិនា ដើម​ឆ្នាំ​នេះ​ប៉ុណ្ណោះ។ តំបន់​នេះ ជា​ដែនដី​ជ្រោយ​លយ​ចូល​សមុទ្រ​ខ្មៅ នៅ​ភាគ​ខាងត្បូង​អ៊ុយក្រែន។ តំបន់​នេះ មិន​មាន​ព្រំដែន​ដី​គោក​ជាមួយ​រុស្ស៊ី​ទេ ពោល​គឺ​ត្រូវ​កាត់ផ្តាច់​ដោយ​សមុទ្រ។ អ៊ុយក្រែន​មាន​ការ​ព្រួយបារម្ភ​ថា ការ​វាយ​ពង្រីក​ដែនដី នៅ​ភាគ​ខាងកើត ខិត​ទៅ​ទិស​ខាងត្បូង ក្បែរ​តំបន់​គ្រីម៉េ​របស់​ពួក​ឧទ្ទាម អាច​និង​បង្ក​ការ​ងាយស្រួល​ដល់​រុស្ស៊ី​កាន់​តែ​ខ្លាំង​ នៅ​ពេល​ណា​តំបន់​ទាំង​នោះ​ធ្លាក់​ក្នុង​ដៃ​ពួក​ឧទ្ទាម។ ពោល​គឺ​រុស្ស៊ី អាច​ចេញ​ចូល​ក្នុង​តំបន់​គ្រីម៉េ​ តាម​ផ្លូវគោក​បាន​យ៉ាង​ងាយស្រួល។

យ៉ាង​ណាមិញ មេ​បញ្ជាការ​កងទ័ព​រុស្ស៊ី បាន​ទទួល​ស្គាល់​ថា ពិត​ជា​មាន​ទាហាន​រុស្ស៊ី​ជាច្រើន​ពាន់នាក់​ ឈរជើង​នៅ​តាម​ព្រំដែន​តំបន់​គ្រីម៉េ​មែន តែថា ការ​ពង្រាយ​ទ័ព​នេះ គឺ​វា​ស្ថិត​ក្នុង​គម្រោង​ពង្រីក​ទី​បញ្ជាការដ្ឋាន​កងទ័ព​រុស្ស៊ី នៅ​តំបន់​គ្រីម៉េ ដែល​រុស្ស៊ី​ទើបតែ​មក​កាន់​កាប់ ហើយ​មួយ​វិញ​ទៀត ដើម្បី​ត្រៀម​ខ្លួន​ទៅ​នឹង​សមយុទ្ធ​យោធា ដែល​អង្គការ​អូតង់​កំពុង​តែ​ធ្វើ​ នៅ​តាម​តំបន់​មួយ​ចំនួន​ នៅ​ភាគ​ខាងលិច​អ៊ុយក្រែន។ ដោយ​ឡែក យោង​តាម​តួលេខ​អង្គការ​អូតង់ មាន​ទាហាន​រុស្ស៊ីយ៉ាង​ហោច​ណាស់ ២ពាន់​នាក់ ផ្សេង​ទៀត ដែល​កំពុង​តែ​ឈរជើង​ នៅ​តាម​បណ្តោយ​ព្រំដែន​ភាគ​ខាងកើត​អ៊ុយក្រែន ហើយ​និង​ទាហាន​រុស្ស៊ី​១ពាន់​នាក់​ទៀត ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​នៅ​ក្នុង​ទឹកដី​អ៊ុយក្រែន។

សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក បាន​ដាក់​ទណ្ឌកម្ម​​ជា​បន្ត​បន្ទាប់​លើ​រុស្ស៊ី ដើម្បី​ជំរុញ​ឲ្យ​រុស្ស៊ី បញ្ឈប់​រាល់​ការ​ជ្រៀតជ្រែក​ចូល​ក្នុង​វិបត្តិ​នៅ​អ៊ុយក្រែន។ ប៉ុន្តែ​លោក​ប្រធានាធិបតី​ពូទីន បាន​និយាយ​នៅ​ថ្ងៃ​ព្រហ្បតិ៍ ម្សិលមិញ​ថា ទណ្ឌកម្ម​ទាំង​នោះ វា​ប្រាសចាក​ពី​គោលការណ៍​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ព្រោះ​វា​ធ្វើ​ឲ្យ​ការ​ប្រកួត​ប្រជែង​មាន​ភាព​មិន​ស្មើ​គ្នា។ លោក​ពូទីន​បាន​បន្ថែម​ថា រុស្ស៊ី​គ្មាន​ចេតនា​សងសឹង នឹង​ដាក់​ទណ្ឌកម្ម​បក​ទៅ​វិញ​ទេ។ អ្វី​ដែល​រុស្ស៊ី​នឹង​ធ្វើ​ គឺ​ខិតខំ​ពង្រឹង​ការ​ផលិត​ក្នុង​ស្រុក ឲ្យ​បាន​ច្រើន​ និង​មាន​គុណភាព​ខ្ពស់​ដើម្បី​ឈប់​រំពឹង​ទៅ​លើ​ផលិតផល​របស់​អឺរ៉ុប។

ទោះបី​ជា​យ៉ាង​ណា អ្នក​វិភាគ​ទូទៅ​យល់​ថា គោល​នយោបាយ​របស់​លោក​ពូទីន​ពិបាក​ស្មាន​ណាស់ ព្រោះ​ថា​នៅ​ចំពោះ​មុខ​គេ ធ្វើ​ជា​ល្អ តែ​នៅ​ពី​ក្រោយ​ខ្នង បាន​បញ្ជូន​កងទ័ព​និង​អាវុធ ពង្រាយ​តាម​ព្រំដែន និង​បញ្ជូន​ចូល​ទៅ​ក្នុង​ដី​អ៊ុយក្រែន។ បន្ទាប់​ពី​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពិសេស​ ជាមួយ​សហភាព​អឺរ៉ុប អ៊ុយក្រែន​បាន​បោះ​ជំហ៊ាន​មួយ​យ៉ាងធំ ដោយ​បាន​ខិត​ទៅ​ជិត​កៀក​ជាមួយ​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក​។ យើង​រងចាំ​មើល ថាតើ​​លោក​ពូទីន មាន​ស្នៀត​និង​កល្បិច​អី​ទៀត​ ក្នុង​ការ​លេប​ត្របាក់យក​​អ៊ុយក្រែន?

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ