អានតួអត្ថបទ
អ៊ីរ៉ង់-នុយក្លេអ៊ែរ

កម្មវិធី​នុយក្លេអ៊ែរ៖ អ៊ីរ៉ង់​ទាមទារ​ពន្យា​រ​ពេល​​ចរចា​មួយ​ឆ្នាំទៀត

កិច្ច​ចរចា​លើ​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ ដែល​កំពុង​តែ​ប្រព្រឹត្តិ​ទៅ នៅ​ទីក្រុង​វីយែន ប្រទេស​អូទ្រីស ហាក់​ផ្តល់​សញ្ញា​អវិជ្ជមាន​គួរ​ឲ្យ​ព្រួយ​បារម្ភ ព្រោះ​នៅ​សល់​តែ​ពេល​តែ​មួយ​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ ប៉ុន្តែ​ភាគី​ទាំងអស់​នៅតែ​និយាយ​មិន​ត្រូវរ៉ូវ​គ្នា។ អ៊ីរ៉ង់ បាន​ទាមទារ សុំ​ឲ្យ​ពន្យា​ការ​ចរចា​នេះ ​មួយឆ្នាំ​តទៅ​ទៀត ​ព្រោះ​ពេល​វេលា​ប្រថុចញ៉ុច​ពេក មិន​អាច​ឲ្យ​ភាគី​ទាំងអស់​ មាន​ពេល​វេលា ជជែកគ្នាឲ្យបានជ្រៅជ្រះ។

លោក​ចន ឃេរី ប្រមុខការទូត​សហរដ្ឋអាមេរិក​​ ចាប់ដៃជាមួយប្រមុខ​ការទូត​អ៊ីរ៉ង់
លោក​ចន ឃេរី ប្រមុខការទូត​សហរដ្ឋអាមេរិក​​ ចាប់ដៃជាមួយប្រមុខ​ការទូត​អ៊ីរ៉ង់ REUTERS/Leonhard Foeger
ផ្សាយពាណិជ្ជកម្ម

ក្រុម​ប្រទេស​ទាំង​៦ ​ដែល​មាន​បារាំង អង់គ្លេស អាមេរិក អាល្លឺម៉ង់ ចិន និងរុស្ស៊ី កំពុង​ជួប​ចរចា​គ្នា​ជាមួយ​អ៊ីរ៉ង់ ​ស្តី​ពី​កម្ម​វិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ នៅ​ក្នុង​ទីក្រុង​វីយែន​ប្រទេស​អូទ្រីស។ ការ​ចរចា​នេះបាន​ប្រព្រឹត្ត​ទៅ​អស់​រយៈពេល​ពីរ​ថ្ងៃ​មកហើយ។ តាម​ការ​គ្រោង​ទុក ភាគី​ទាំងអស់​ ត្រូវ​សំរេច​ឲ្យបាន​ នូវ​កិច្ច​ព្រមព្រៀង​ជា​ផ្លូវការ​មួយ នៅ​ថ្ងៃ​ទី​២៤ វិច្ឆិកា ស្អែក​នេះ។

 
សូម​បញ្ជាក់​ថា ក្រុម​ប្រទេស​មហាអំណាច​ទាំង​៦ បាន​ទាមទារ​ឲ្យ​អ៊ីរ៉ង់ បញ្ឈប់​កម្មវិធី​ចំរើនធាតុ​អ៊ុយរ៉ានីញ៉ូម​របស់​ខ្លួន​ ព្រោះ​ខ្លាច​ថា អ៊ីរ៉ង់​យក​វា​ទៅ​ធ្វើ​គ្រាប់បែក​បរមាណូ។ ចំណែក​អ៊ីរ៉ង់​វិញ បាន​ប្រកែក​ហើយ​ប្រកែក​ទៀត ថា​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន មាន​គោលដៅ​ប្រើប្រាស់​ក្នុង​ការ​ផលិត​ថាមពល​អគ្គីសនី​តែ​ប៉ុណ្ណោះ។​ តែ​ទោះ​ជា​យ៉ាងណា ក្រុម​ប្រទេស​មហាអំណាច នៅ​តែ​មិន​ទុកចិត្ត ហើយ​បាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច ទៅ​លើ​អ៊ីរ៉ង់ ដែល​ធ្វើ​ឲ្យ​អ៊ីរ៉ង់​នៅ​ឯកោ ពិបាក​រកស៊ី​ជាមួយ​ក្រុមហ៊ុន​បរទេស។

ឆ្លង​តាម​ការ​ចរចា​គ្នា​ អស់​រយៈពេល​ពីរ​ថ្ងៃ​កន្លង​មក​នេះ ​គេ​បាន​សង្កេត​ឃើញ​ថា ភាគី​អាមេរិក​ និង​អ៊ីរ៉ង់​ដែល​ជា​ដៃគូ​ចរចា​ចម្បង ក្នុង​បញ្ហា​នេះ ហាក់​ត្រូវរូវ​គ្នា​ គួរ​ជា​ទី​សង្ឃឹម​ ថា​នឹង​អាច​មាន​ច្រក​ចេញ។ ប៉ុន្តែ ​នៅ​មាន​ចំនុច​សំខាន់ៗ​ពីរ​ ដែល​ភាគី​ទាំងពីរ​នៅ​តែ​មិន​ត្រូវគ្នា​ គឺ​ទីមួយ ​ក្រុម​ប្រទេស​មហា​អំណាច ​ទាមទារ​ឲ្យ​អ៊ីរ៉ង់​ បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ​បន្តិច​ម្តងៗ ​រហូត​ទាល់តែ​អស់​តែ​ម្តង។ ប៉ុន្តែ​អ៊ីរ៉ង​មិន​សុខចិត្ត ព្រោះ​ថា​ខ្លួន​ត្រូវការ​វា ដើម្បី​ផលិត​អគ្គីសនី។ ចំណុចទីពីរ គឺ​ទាក់ទិន​ទៅ​នឹង​ការ​ដក​ទណ្ឌកម្ម។ ក្រុម​ប្រទេស​មហា​អំណាច​​ថា សន្យា​ថា​ដក​ទណ្ឌកម្ម​បន្តិចម្តងៗ​ ប៉ុន្តែ​អ៊ីរ៉ង់​វិញ ​ទាមទារ​ឲ្យ​​ដក​ចេញ​ម្តង​ទាំងអស់​តែម្តង។

រហូត​មក​ដល់​ថ្ងៃ​នេះ ភាគី​ទាំងអស់​នៅ​​តែ​បន្ត​ការ​ចរចា ហើយ​បើ​តាម​មើល​ទៅ​ ភាគី​ទាំង​អស់ ​មិនអាច​ទាន់​ធ្វើ​កិច្ច​ព្រមព្រៀង​រួម​នៅ​ថ្ងៃ​ស្អែក​នេះ​ទេ។​ នៅ​ថ្ងៃនេះ ​អ៊ីរ៉ង់​បាន​ទាមទារ​ពន្យា​ការ​ចរចា​ថែម​៦ខែ ​រឺ​មួយឆ្នាំ​ទៀត ព្រោះ​មិន​ចង់​សម្រេច​ដោយ​តក់ក្រហល់។ ក្នុង​ករណី ដែល​​ការ​ចរចា​នឹង​ត្រូវ​ពន្យា​ពេល​ អ៊ីរ៉ង់​ទាមទារ ឲ្យ​បន្ត​អនុវត្ត​កិច្ច​ព្រមព្រៀង​បណ្តោះ​អាសន្ន​​ដែល​​បាន​ចុះ​ហត្ថលេខា ​នៅ​ក្រុង​ហ្សឺណែវ ​កាល​ពី​ខែ​ វិច្ឆិកា​​ ឆ្នាំ​ទៅ។ កិច្ច​ព្រមព្រៀង​​បណ្តោះ​​​​​អាសន្ន​នេះ តម្រូវ​ឲ្យ​ប្រទេស​មហាអំណាច​ដកចេញ​ទណ្ឌកម្ម​ពាក់​កណ្តាល ​ហើយ​អ៊ីរ៉ង់​វិញ ​នឹង​ផ្អាក​ការ​ចម្រាញ់​ជាតិ​អ៊ុយរ៉ានីញ៉ូម​ ពាក់​កណ្តាល​ដែរ។ កិច្ច​ព្រមព្រៀង​នេះ​ បាន​ផុត​សុពលភាព​កាល​ពី​ខែ​ កក្កដា បាត់​ទៅ​ហើយ។​ ពេលនេះ​អ៊ីរ៉ង​សុំឲ្យ​អនុវត្ត​វា​បន្ត​ទៀត ​ទំរាំ​ដល់​ពេល​ដែល​ភាគី​ទាំង​អស់ សម្រេច​បាន​កិច្ច​ព្រមព្រៀង​រួម​ជា​ផ្លូវការ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ