អានតួអត្ថបទ
អូតង់-រុស្ស៊ី-អ៊ុយក្រែន

អគ្គលេខាធិការ​អង្គការ​អូតង់​ចោទ​រុស្ស៊ី​ថា នៅ​តែ​បន្ត​បញ្ជូន​ទ័ព​និង​សព្វាវុធ​ទៅ​អ៊ុយក្រែន

លោក​អគ្គលេខាធិការ​អង្គការ​អូតង់ បាន​ថ្លែង​ចេញ​ពី​ប្រទេស​លីទុយអានី​ ​នៅ​ថ្ងៃ​សុក្រ​ ​ម្សិលមិញ​ថា​ អង្គការ​អូតង់​មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​បញ្ជាក់​ថា​​ រុស្ស៊ី​នៅ​តែ​បន្ត​បញ្ជូន​កម្លាំង​ទ័ព​ និង​គ្រឿង​សព្វាវុធ​ធំៗ ចូល​ទៅ​ក្នុង​ទឹកដី​អ៊ុយក្រែន ក្នុង​តំបន់​ដែល​កាន់កាប់​ ​ដោយ​ពួក​ឧទ្ទាម​បំបែក​ទឹកដី។ ​ទង្វើរ​នេះ វា​ផ្ទុយ​ទាំងស្រុង​ទៅ​នឹង ​សំដី​របស់​លោក​ប្រធានា​ធិបតី​ពូទីន ​ដែល​អះអាង​ថា​ចង់​ឃើញ​សន្តិភាព​នៅ​អ៊ុយក្រែន។

លោក​​Jens Stoltenberg​ អគ្គលេខាធិការ​អង្គការ​អូតង់ ថត​នៅ​បន្ទាយ​​កង​កម្លាំង​អូតង់​​នៅ​ប៉ូឡូញ ថ្ងៃ ៦ តុលា​ ២០១៤.
លោក​​Jens Stoltenberg​ អគ្គលេខាធិការ​អង្គការ​អូតង់ ថត​នៅ​បន្ទាយ​​កង​កម្លាំង​អូតង់​​នៅ​ប៉ូឡូញ ថ្ងៃ ៦ តុលា​ ២០១៤. REUTERS/Kacper Pempel
ផ្សាយពាណិជ្ជកម្ម

លោក Jens Stoltenberg អគ្គលេខាធិការ​អង្គការ​អូតង់​ ​បាន​បរិហារ​ដោយ​ចំៗ​ ​អំពី​មហិច្ឆិតា​របស់​រុស្ស៊ី។ នេះ​មិនមែន​ជា​លើក​ទីមួយ​ទេ ​ដែល​អូតង់ ​បង្ហាញ​ជា​សាធារណៈ​ ​អំពី សកម្មភាព​រំលោភ​បំពាន​ ​ទៅ​លើ​អធិបតេយ្យភាព​របស់​អ៊ុយក្រែន​ ដោយ​បាន​បញ្ជូន​ទ័ព​ និង​គ្រឿង​សព្វាវុធ​យ៉ាង​សន្ធឹកសន្ធាប់​ ​ទៅ​ជួយ​ពួក​ឧទ្ទាម នៅ​ភាគ​ខាងកើត​អ៊ុយក្រែន។

 
ដោយ​សុំ​មិន​លម្អិត​ឲ្យ​អស់​​ ​ថា​មាន​ចំនួន​ប៉ុន្មាន​ពិត​ប្រាកដ ​លោក ​អគ្គលេខាធិការ​អង្គការ​អូតង់ ​បាន​ថ្លែង​ថា ​ភ្នាក់ងារ​អូតង់​បាន​ឃើញ​នូវ​សកម្មភាព​ ​បង្កើន​ការ​រាយ​កម្លាំង​ទ័ព ​នៅ​តាម​តំបន់​ដែល ​តាម​ធម្មតា​ត្រូវ​ដាក់​អាវុធ​ឈប់បាញ់ ​ដោយ​យោង​ទៅ​តាម​កិច្ច​ព្រមព្រៀង​ទីក្រុង​មីនស្គ៍។ ​ក្នុង​នោះ លោក​បាន​សង្កត់​ធ្ងន់​ថា ​រុស្ស៊ី​កំពុង​តែ​បញ្ជូន​បន្ថែម នូវ​កង​ទាហាន សម្ភារៈ​សិក​ធំៗ​ ដូចជា​រថក្រោះ ​កាំភ្លើង​ធំ​ និង​កាំភ្លើង​កម្ទេច​យន្តហោះ​ជាដើម។ ​លោក​បន្ថែម​ទៀត​ថា នេះ​មិនមែន​ជា​រឿង​លេង​សើច​ទេ។ ​រុស្ស៊ី​កំពុង​តែ ​បំផ្លាញ​កិច្ច​ព្រមព្រៀង​ឈប់បាញ់​នៅ​ទីក្រុង​មីនស្គ៍ ​ដែល​បាន​ចូល​ជា​ធរមាន​ ​កាល​ពី​ថ្ងៃ ​៥ កញ្ញា​កន្លង​ទៅ។

សូម​បញ្ជាក់​ថា ​នៅ​ចំពោះ​មុខ​សាធារណៈ​មតិ​អន្តជាតិ ​លោក​ប្រធានាធិបតី​រុស្សី ​vladimir poutine ​បាន​សម្តែង​ហាក់​ដូច​ជា​ខំ​ ​ខ្នះខ្នែង​ណាស់ ​ក្នុង​ការ​ជួយ​ស្វែងរក​សន្តិភាព​ ​នៅ​ភាគ​ខាងកើត​អ៊ុយក្រែន។ ​ប៉ុន្តែ​ធាតុពិត ​នរណា​ក៏​គេ​ដឹង​ដែរ ​ ពី​​សារជាតិ​ពិត​របស់​មហិច្ឆិតា​រុស្ស៊ី​ក្នុង​ការ​ លេប​ត្របាក់​ដី​ ​ភាគ​ខាងកើត​អ៊ុយក្រែន ​ម្តង​បន្តិចៗ។

នៅ​ថ្ងៃ​សុក្រ ​ម្សិលមិញ​នេះ​ដែរ ​នៅ​អ៊ុយក្រែន ​មាន​ប្រារព្ធ​ពិធី​រំលឹក​ខួប ​ដល់​ការ​តវ៉ា​ប្រជាធិបតេយ្យ​ នៅ​ទីលាន​ម៉ៃដាន់។ ​វា​ជា​ការ​តវ៉ា​របស់​ប្រជាជន​អ៊ុយក្រែន ​ប្រឆាំង​នឹង​អតីត​ប្រមុខ​រដ្ឋាភិបាល​អ៊ុយក្រែន ​លោក ​អ៊ីយ៉ាណូកូវិច ​ដែល​ត្រូវ​គេ​ស្គាល់​ថា​ ​ជា​អាយ៉ង​របស់​លោក​ពូទីន។ ស្រប​ពេល​ដែល​អ៊ុយក្រែន​រំលឹក​ខួប​នេះ រុស្ស៊ី​បាន​បាញ់​គ្រាប់​កាំភ្លើង​ធំ​ ​ជា​ច្រើន​គ្រាប់ ​ចូល​មក​ក្នុង​ទឹកដី​អ៊ុយក្រែន ​ជា​សញ្ញា​ប្រាប់​ថា ​នរណា​ហ៊ាន​ខ្លាំង​ជាមួយ​រុស្ស៊ី អ្នកនោះ​ត្រូវ​ត្រៀម​ក្តាម្ឈូស​ទុក​ទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ