អានតួអត្ថបទ
តួកគី-សហរដ្ឋអាមេរិក

អាមេរិក ​និង​តួកគី​​ជួបគ្នា​បាន​ត្រឹម​តែ​សម្តី

លោក​អនុប្រធានាធិបតី​សហរដ្ឋអាមរិក​បាន​អញ្ជើញ​ទៅ​ទីក្រុង​អ៊ីស្តង់ប៊ូល ប្រទេស​តួកគី​​ ដើម្បី​ពិភាក្សា ស្វែង​រក​កិច្ច​សហការ​ជាមួយ​ទួរគី​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​ភេរវកម្ម​អ៊ីស្លាម។ ឆ្លងកាត់​ការ​ពិភាក្សា​គ្នា​រយៈពេល ​៤ម៉ោង ​ជាមួយ​លោក​ប្រធានាធិបតី តួកគី ភាគី​ទាំង​ពីរ​ មិន​បាន​សម្រេច​អ្វី​ជា​ដុំ​កម្ភូន​ទាល់​តែ​សោះ ក្រៅ​តែ​ពី​សន្យា​ថា ​នឹង​ព្យាយាម​ធ្វើការ​រួមគ្នា​ ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​ភេរវកម្ម​ជីហាត​អ៊ីស្លាម។

អនុប្រធានាធិតី​ អាមេរិក Joe Biden rencontre និងលោក ប្រធានាធិបតី​តួកគី Tayyip Erdogan នៅ​ក្រុង Istanbul​ ថ្ងៃ ២២ វិច្ឆិកា ២០១៤
អនុប្រធានាធិតី​ អាមេរិក Joe Biden rencontre និងលោក ប្រធានាធិបតី​តួកគី Tayyip Erdogan នៅ​ក្រុង Istanbul​ ថ្ងៃ ២២ វិច្ឆិកា ២០១៤ REUTERS/Murad Sezer
ផ្សាយពាណិជ្ជកម្ម

កាល​ពី​ថ្ងៃ​សៅរ៍ ទី២២​ វិច្ឆិកា ​លោក​អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ Joe Biden ​និង​លោក​ប្រធានាធិបតី​តួកគី​ Erdogan ​បាន​ជួប​ពិភាក្សាគ្នា​នៅ​ទីក្រុង​អ៊ីស្តង់ប៊ូល ប្រទេស​តួកគី​ ដើម្បី​ជជែក​គ្នា​ស្តីពី​កិច្ច​សហការ ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​ភេរកម្ម​ជីហាត​អ៊ីស្លាម។ កិច្ច​ពិភាក្សា​បាន​ប្រព្រឹត្តិទៅ ​អស់រយៈ​ពេល​៤ម៉ោង ​ប៉ុន្តែ​ផ្ទុយ​ពី​ការ​រំពឹង​ទុក​ ថ្នាក់​ដឹកនាំ​ទាំងពីរ​មិន​បាន​សម្រេច​អ្វី​ជាដុំកម្ភួន​ទាល់​តែ​សោះ ក្រៅ​តែ​ពី​សន្យា​ថា នឹង​បន្ត​ធ្វើការ​រួមគ្នា។

 
លោក​អនុ​ប្រធានាធិបតី​ថ្លែងថា ប្រទេស​ទាំងពីរ​ត្រូវ​បន្ត​ធ្វើការ​រួមគ្នា ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ ដែល​បាន​ចោទ​ក្នុង​ការ​ទប់ទល់​ពួក​ភេរវកម្ម​ជីហាត និង​ការ​ស្វែងរក​សន្តិភាព​នៅ​ស៊ីរី។ ​លោក​បន្ត​ថា ​ប្រទេស​ទាំងពីរ​ត្រូវការ​គ្នា​ទៅវិញ​ទៅមក ហើយ​ត្រូវ​ពួតដៃគ្នា​ ក្នុង​ការ​កម្ទេច​ពួក​ជីហាត​រដ្ឋអ៊ីស្លាម ព្រម​ទាំង​ជួយ​ជ្រោមជ្រែង​ក្រុម​ប្រឆាំង​នៅ​ស៊ីរី ក្នុង​ការ​ផ្តួលរំលំ​របប​ផ្តាច់ការ​របស់​លោក ​បាឆា អាល់អាសាដ។

ទោះ​បី​ជា​យ៉ាងណា​ អ្នក​វិភាគ​មាន​ការ​ខកចិត្ត​ជា​ខ្លាំង ព្រោះ​នេះ​គ្រាន់តែ​ជា​ភាសា​ការទូត ដែល​សរុប​ទៅ​មាន​ន័យ​ថា ភាគី​ទាំងពីរ​​មិន​ទាន់​បាន​សម្រេច​ថា​ត្រូវ​ធ្វើ​យ៉ាងណា ឲ្យ​ច្បាស់​លាស់​នោះ​ទេ បាន​ត្រឹមតែ​​និយាយ​​ចោល ​ដោយគ្មាន​បាន​ដាក់​ចុះ​នូវ​វិធានការ​ច្បាស់​លាស់។ ​មួយវិញទៀត ​លោក​​អនុ​​ប្រធានាធិបតី​​​អាមេរិក មិន​បាន​លើកឡើង​អំពី​សំណើរ ដែល​អាមេរិក​ចង់ ប្រើ​ប្រាស់​ទី​បញ្ជាការ​កងទ័ព​មួយ​ឈ្មោះ​ Incrilik ​នៅ​ក្នុង​ដីតួកគី ដែល​មាន​ចំងាយ​ប្រមាណ​១០០ គីឡូម៉ែត្រ​ ប៉ុណ្ណោះ​ពី​ព្រំដែន​ស៊ីរី។ ទី​បញ្ជាការ​នេះ ​អាច​សម្រួល​ដល់​ទ័ព​អាកាស​របស់​អាមេរិក ​ក្នុង​ការ​ចុះ​សម្ចត ​និង​ធ្វើការ​ប្រយុទ្ធ ព្រោះ​វា​នៅ​មិន​ឆ្ងាយ​ពី​ស៊ីរី។

សូម​បញ្ជាក់​ផង​ដែរ​ថា តួកគី​មាន​ទួនាទី​សំខាន់​ណាស់​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​ភេរវកម្ម​ជីហាត​អ៊ីស្លាម នៅ​ស៊ីរី និង​នៅ​អ៊ីរ៉ាក់។ កន្លង​មក​ មាន​ដំណឹង​លេច​ឮ​ថា​ តួកគី​ជា​ទី​ដែល​ក្រុម​ភេរកម្ម​ជីហាត​បរទេស ​ឆ្លងកាត់​ចេញចូល​ដើម្បី​ចូល​ទៅ​ដី ​ស៊ីរី ​និង​អ៊ីរ៉ាក់។ បន្ថែម​ពី​នេះ​ទៅ​ទៀត ​គេ​សង្ស័យ​ថា​ តួកគី បាន​ដើរ​តួ​យ៉ាង​សំខាន់ ក្នុង​បណ្តាញ​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ និង​សព្វាវុធ ដល់​ពួក​ជីហាត។ សហគមន៍​អន្តជាតិ​​បាន​ចោទ លោក​ប្រធានាធិបតី​តួកគី ​ថា​បាន​ដើរ​តួ ​ចិត្ត​ល្អ​ផង ​ចិត្ត​អាក្រក់​ផង។

ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា ​ការ​ដែល​តួកគី​ព្រម​ជួប​ពិភាក្សា​ជាមួយ​អាមេរិក វា​ជា​ដំណឹង​ល្អ​មួយ​ណាស់​ទៅ​ហើយ ថា​តួកគី​​ទំនង​ដូច​ជា​ភ្ញាក់ខ្លួន​ ចង់​មក​ជួយ​សហការ ក្នុងការ​កម្ទេច​ពួក​ជីហាត​អ៊ីស្លាម ​​ដែល​ជា​ក្រុម​ភេរវករ​ព្រៃផ្សៃ​បំផុត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ