អានតួអត្ថបទ
រុស្ស៊ី

នៅ​រុស្ស៊ី អាជ្ញាធរ​ទើប​ឃាត់ខ្លួន​មហាសេដ្ឋី​ម្នាក់​ទៀត​ពី​ ”បទ​លាង​លុយ”

ការឃាត់ខ្លួននេះ បាន​នាំ​ឲ្យ​ផ្អើល​ដល់​មជ្ឈដ្ឋានធុរកិច្ច ដែល​បកស្រាយ​ថា អាច មក​ពី​មូលហេតុ​នយោបាយ ហើយ​ប្រៀបធៀប​ទៅនឹង ករណី​មហាសេដ្ឋី​ម្នាក់​ទៀត ឈ្មោះ ខូដ័រកូវស្គី ដែលក្នុងឆ្នាំ ២០០៣ ត្រូវ​បាន​ឃាត់ខ្លួន តាម​ការចោទប្រកាន់ ជា​ផ្លូវការ ថា “គេចពន្ធ”។ ប៉ុន្តែ វិមាន​ក្រេមឡាំង ប្រតិកម្ម​ថា សំណុំរឿង​ទាំង​ចាស់ ទាំង​ថ្មី​នេះ ឥត​ពាក់ព័ន្ធ​នឹង​នយោបាយ សោះឡើយ។ លោកប្រធានាធិបតី​ពូទីន ត្រូវ​បាន​គេ​រាយការណ៍​ជូន​គាត់​ទៅហើយ អំពី​រឿងនេះ។ 

Vladimir Evtouchenkovប្រធាន​ក្រុមប្រឹក្សា​ភិបាល​បណ្តុុំក្រុមហ៊ុន​AFK Sistema នៅ​ទីក្រុង​Saint-Petersbourg, ថ្ងៃទី ២៣​ឧសភា ២០១៤
Vladimir Evtouchenkovប្រធាន​ក្រុមប្រឹក្សា​ភិបាល​បណ្តុុំក្រុមហ៊ុន​AFK Sistema នៅ​ទីក្រុង​Saint-Petersbourg, ថ្ងៃទី ២៣​ឧសភា ២០១៤ EUTERS/Sergei Karpukhin
ផ្សាយពាណិជ្ជកម្ម

មហាសេដ្ឋី​ដែល​ឃាត់​ខ្លួន កាល​ពី​ថ្ងៃ ១៦​កញ្ញា ហើយ​បន្ទាប់មក ត្រូវ​បាន​តុលាការ​ម៉ូស្គូ សម្រេច​ឃុំខ្លួន ក្នុង​ភូមិគ្រឹះ​គាត់ សម្រាប់​រយៈពេល ២ខែ​សិន គឺ​លោក វ៉្លាឌីមៀរ យេវទូឆេនកូវ ជា​អ្នកមាន​ម្នាក់ ដ៏​ល្បី នៅរុស្ស៊ី ដែល​តាម​ទស្សនាវដ្តី អាមេរិកាំង Forbes មាន​ទឹកប្រាក់ ៩.០០០លាន ដុល្លា រស.រ.អា ដោយ ជាប់​ចំណាត់ថ្នាក់ ទី១៥ ក្នុង​ចំណោម​អ្នកមាន​ជាងគេ នៅរុស្ស៊ី។ ក្នុង​ស្ថានភាព​ឃុំខ្លួន​គ្មាន​សេរីភាព គាត់​ពាក់​ទៅ ដោយ ខ្សែដៃ​អេឡិកត្រូនិក ដែល​ហុច​លទ្ធភាព​ឲ្យ​សមត្ថភាព តាមដាន​ឃ្លាំ​មើល​រាល់​សកម្មភាព​របស់​គាត់។ គាត់គ្មានសិទ្ធិ ប្រើទូរស័ព្ទ ប្រើអ៊ិនធ័រនែតទេ។

 
លោកមហាសេដ្ឋី យេវទូឆេនកូវ ដែល​នៅ​ថ្ងៃ ២៥ កញ្ញា ខាងមុខ នឹង​មាន​អាយុ ៦៦ឆ្នាំ ជា ប្រធាន​នៃ​ក្រុមប្រឹក្សា​ភិបាល “បណ្តុំ​ក្រុមហ៊ុន​ហិរញ្ញវត្ថុ-ឧស្សាហកម្ម” ក្រោម​ឈ្មោះ​ថា AFK Sistema មាន​តម្លៃ ៤៤.៧០០ លាន​ដុល្លារ ជាប់​លេខ៦ នៅ​រុស្ស៊ី និង​ជាប់​លេខ ៣០៨ ក្នុង បញ្ជី​ក្រុមហ៊ុន​ពិភពលោក Fortune Global– 500។ ក្នុងបណ្តុំ​ក្រុមហ៊ុន AFK Sistema គាត់មាន ហ៊ុន ៦៤,២% ពីក្នុងនោះ ១៩% ជួញ​នៅ​លើ​ទីផ្សារ ក្រុងឡុងដ្រ៏ និង ៥% ជួញ នៅលើទីផ្សារ ម៉ូស្គូ។ ដំណឹងស្តី​អំពី​ការឃាត់ខ្លួន​គាត់ បាន​ញ៉ាំងឲ្យ​ក្រដាស​ហ៊ុន AFK Sistema គ្រាន់តែ ក្នុង​១ថ្ងៃ ១៧កញ្ញា ចុះ​ថ្លៃ​អស់ ដល់​ទៅ៣៧%។

ខ្លឹមសារ​នៃ​បទ​ចោទ​ប្រកាន់​ទល់​នឹង​រូបគាត់ តាម​ដែល”ស្ថាប័ន​ស៊ើបអង្កេត” ប្រកាស​ឲ្យដឹង គឺ​មកពី​ក្នុង​ឆ្នាំ២០០៨-២០០៩ ក្នុង​ដំណើរ​ឯកជន​ឧបនីយកម្ម​ ក្រុមហ៊ុន​ប្រេង BachTEK របស់រដ្ឋ ក្នុង​តម្លៃ ២.៥០០លានដុល្លារ គាត់​បាន​បង់​តែ២.០០០ លាន ប៉ុណ្ណោះ ចំណែក​ហ៊ុន​ក្នុង​តម្លៃ ៥០០លានដុល្លារ គាត់​ទទួល​បាន​ដោយ​ខុសច្បាប់ ហើយ​បន្ទាប់មក លាងវាឲ្យ​មាន​លក្ខណៈ ស្របច្បាប់ ម៉្លោះ​ហើយ បានជា ការចោទប្រកាន់​នោះ មាន​ឈ្មោះ​ថា តាម​បទ ”លាងលុយ”។

ប្រធាន“សហភាព​នៃ​ឧស្សាហករ និង​សហគ្រិន នៅរុស្ស៊ី “ លោក អាឡេកសង់ដ្រ៏ ស្ហូឃិន ថ្លែងថា សំណុំរឿង​ថ្មីនេះ ប្រៀប​បាន​នឹង សំណុំរឿង លោក ខូដ័រកូវស្គី។ គាត់​ទទូច លោក ប្រធានាធិបតី​ពូទីន ឲ្យ​អន្តរាគម ជួយដោះលែង លោក យេវទូឆេនកូវ ទៅ ដ្បិត បរិយាកាស ធុរកិច្ច នៅរុស្ស៊ី កំពុងរង​ទៅហើយ នូវ គំនាប​នៃ​ទណ្ឌកម្ម ពី​ខាង បស្ចិមលោក៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ