អានតួអត្ថបទ
រុស្ស៊ី

រុស្ស៊ី​ចោទ​លោក​ខាងលិច​ថា​ចង់​រំលំ​របប​នយោបាយ​រុស្ស៊ី

ស្រប​ពេល​ដែល​សហគមន៍​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក​បាន​បន្ត​ដាក់​ទណ្ឌកម្ម​ផ្ទួនៗ​ទៅ​លើ រុស្ស៊ី ក្នុង​រឿង​ដែល​រុស្ស៊ី ឈ្លាន​ពាន​អ៊ុយក្រែន លោក​ប្រមុខ​ការទូត​រុស្ស៊ី បាន​លយ​សម្តី​ថា ប្រទេស​លោក​ខាងលិច​ទាំង​អស់​នេះ មាន​ចេតនា​ចង់​ផ្តួល​រំលំ​របបន​យោបាយ​រុស្ស៊ី​ចោល​តែ​ម្តង។ លោក​បាន​ប្រៀបធៀប​ទណ្ឌកម្ម​សេដ្ឋកិច្ច​ ដែល​សហគមន៍​អឺរ៉ុប និង​អាមេរិក​ បាន​ដាក់​ទៅ​លើ​រុស្ស៊ី ដែល​មាន​គោលដៅ​ខុសគ្នា​ ពី​ទណ្ឌកម្ម​ដែល​ដាក់​លើ​អ៊ីរ៉ង់ និង​កូរ៉េ​ខាងជើង។

លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី  Sergueï Lavrov  នៅ​ក្រុងមូស្គូ ថ្ងៃ ១៨​ វិច្ឆិកា ២០១៤
លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergueï Lavrov នៅ​ក្រុងមូស្គូ ថ្ងៃ ១៨​ វិច្ឆិកា ២០១៤ REUTERS/Sergei Karpukhin
ផ្សាយពាណិជ្ជកម្ម

ថ្លែង​ក្នុង​ឱកាស​បើក​វេទិការ​ជំនាញការ​នយោបាយ​ នៅ​ក្រុង​មូស្គូ លោក​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​រុស្ស៊ី​ Sergueï Lavrov ​បាន​ធ្លោយ​សម្តី​ថា ​សហគមន៍​អឺរ៉ុប ​និង​សហរដ្ឋ​អាមេរិក មាន​ចេតនា បង្ក​ភាព​ជ្រួល​ច្របល់​នៅ​រុស្ស៊ី។ ​លោក​បន្ត​ថា ​លោក​ខាង​លិច​មិន​មែន​មាន​ចេតនា​ ចង់​ឲ្យ​រដ្ឋាភិបាល​រុស្ស៊ី​ផ្លាស់​ប្តូរ​បន្ទាត់​នយោបាយ​នោះ​ទេ ​ផ្ទុយ​ទៅ​វិញ ​លោក​ខាងលិច​ មាន​ចេត្តនា​ចង់​បង្ក​ភាព​ចលាចល​ ដើម្បី​ផ្តួល​រំលំ​របប​នយោបាយ​រុស្ស៊ី​បច្ចុប្បន្ន​ចោល​តែ​ម្តង។

 
លោក​បាន​ថ្លែង​បែប​នេះ ដោយ​យោង​ទៅ​លើ​ទណ្ឌកម្ម​សេដ្ឋកិច្ច ​ដែល​សហគមន៍​អឺរ៉ុប ​និង​សហរដ្ឋ​អាមេរិក ​បាន​ដាក់​ទៅ​លើ​រុស្ស៊ី។ លោក​បញ្ជាក់​ថា ទណ្ឌកម្ម​ទាំង​នេះ មាន​គោលដៅ បង្ក​ចលាចល​សង្គម ហើយ​បង្ក​ឲ្យ​មាន​ការ​បះបោរ ក្តៅ​ក្រហាយ​របស់​ប្រជាជន​រុស្ស៊ី​ទូទៅ ដោយសា​តែ​ទ្រាំ​លែង​បាន​ ទៅ​នឹង​ទណ្ឌកម្ម​សេដ្ឋកិច្ច។ លោក​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី ​បញ្ជាក់​យ៉ាង​ធ្ងន់ៗ​ថា មាន​ថ្នាក់​ដឹកនាំ​នៅ​អឺរ៉ុប​ខ្លះ ធ្លាប់​ទាំង​បាន​និយាយ​ថា ត្រូវ​រិះរក​ដាក់​ទណ្ឌកម្មណា​​លើ​រុស្ស៊ី ដើម្បី​បំផ្លាញ​សេដ្ឋកិច្ច​រស្ស៊ី។ ​ដូច្នេះ ​ប្រជាជន​នឹង​ងើប​ឡើង បះបោរ​ប្រឆាំង​នឹង​រដ្ឋាភិបាល​រុស្ស៊ី ហើយ​ផ្តួល​រំលំ​រដ្ឋាភិបាល​បច្ចុប្បន្ន​ចោល។

លោក​រដ្ឋមន្រ្តី​បាន​ធ្វើ​ការ​ប្រៀបធៀប​ពី​ភាព​ខុសគ្នា​រវាង ទណ្ឌកម្ម​ដែល​លោក​ខាងលិច​ដាក់​លើ​រុស្ស៊ី និង​ទណ្ឌកម្ម​ដែល​ដាក់​លើ​អ៊ីរ៉ង់ និង​កូរ៉េ​ខាងជើង។ លោក​និយាយ​ថា ទណ្ឌកម្ម​ដែល​ដាក់​លើ​ប្រទេស​ទាំង​ពីរ គ្រាន់​តែ​យក​តែ​នាម​ប៉ុណ្ណោះ វា​មិន​បាន​បង្ក​ការ​លំបាក​ដល់​សង្គម និង​សេដ្ឋកិច្ច​ក្នុង​ប្រទេស​ទាំង​ពីរ​នេះ​ទេ។​ ពោល​គឺ​វា​ខុស​គ្នា​ ពី​ទណ្ឌកម្ម​ដែល​ដាក់​លើ​រុស្ស៊ី ​ដែល​មានចេតនា​បំផ្លាញ​ និង​បង្ក​ចលាចល។

សូម​រំលឹក​ថា​ ក្រោយ​ហេតុការណ៍​ផ្ទួនៗ​នៅ​អ៊ុយក្រែន ដែល​គ្រប់​គ្នា​បាន​ដឹង​ថា រុស្ស៊ី​បាន​លូក​ដៃ​ចូល​ទៅ​យ៉ាង​ជ្រៅ ដោយ​បាន​បញ្ជូន​កម្លាំង​ទ័ព គ្រឿង​សព្វាវុធ យ៉ាង​សន្ធឹក​សន្ធាប់​ ទៅ​វាយ​ទាហាន​អ៊ុយក្រែន ប្រទេស​លោក​ខាងលិច រួម​មាន​សមាជិក​សហគមន៍​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក បាន​បន្ត​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​រុស្ស៊ី​ល្គិក​ណា​រុស្ស៊ី​មិន​ព្រម​បញ្ឈប់​ការ​ឈ្លានពាន​លើ​អ៊ុយក្រែន។ ទណ្ឌកម្ម​ទាំង​នោះ​មាន​ជា​អាថទិ៍ ការ​ហាមឃាត់​មិន​ឲ្យ​ចូល​មក​ទី​ផ្សារ​ហិរញ្ញវត្ថុ​អឺរ៉ុប លើ​ក្រុមហ៊ុន​ប្រេង និង​ក្រុមហ៊ុន​ឧស្ម័ន​របស់​រុស្ស៊ី។ ជា​ការ​ឆ្លើយ​តប រុស្ស៊ី បាន​បិទ​ទ្វារ មិន​ឲ្យ​បន្លែ​ ផ្លែឈើ​របស់​អឺរ៉ុប​ចូល ទៅ​លក់​នៅ​ក្នុង​ដី​រុស្ស៊ី។

តែ​ទោះ​ជា​យ៉ាង​ណា ​សម្តី​របស់ លោក​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​នេះ​ ​គ្រាន់​តែ​ជា​សម្តី​ផ្គើន ញុះញង់​ឲ្យ​មតិ​មហាជន រុស្ស៊ី​ប្រកាន់​ចិត្ត​ខឹង​នឹង​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក តែ​ប៉ុណ្ណោះ។ តាម​ធម្មតា គេ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ប្រទេស​ណា គឺ​មាន​គោលដៅ​បង្ក​ការ​លំបាក​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​នោះ ក្នុង​ន័យ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ប្រទេស​នោះ យល់ព្រម​ធ្វើ​អ្វី​មួយ​ ឲ្យ​បាន​ត្រឹមត្រូវ​នឹង​មាន​ប្រយោជន៍។ បើ​សិន​ជា​ប្រជាជន​រុស្ស៊ី​ក្តៅ​ក្រហាយ គឺ​មាន​មូលហេតុ​ដោយ​ផ្ទាល់​តែ​មួយ​គត់ គឺ​ដោយសា​តែ​បន្លែ ​ផ្លែ​ឈើ ​ត្រី​សាច់ ​នៅ​រុស្ស៊ី​កាន់​តែ​ឡើង​ថ្លៃ។ តាម​ការ​ពិត ​រុស្ស៊ី​ខ្លួន​ឯង​ទេ​តើ​ ដែល​បិទ​ទ្វារ​មិន​ឲ្យ​អឺរ៉ុប​នាំ​បន្លែ ផ្លែ​ឈើ​ចូល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ