អានតួអត្ថបទ
សិង្ហបុរី

ភ្លើង​ឆេះព្រៃ​នៅ​ឥណ្ឌូណេស៊ី​កំពុង​បំពុល​បរិយាកាស​សិង្ហបុរី​សាជា​ថ្មី

ផ្សែង​ពុល​បរិយាកាស​បាន​ឡើង​ដល់​កំរិត​កំពូល​នៅថ្ងៃ​នេះ នៅ​ក្នុង​ប្រទេស​សិង្ហបុរី។ តាមអាជ្ញាធរ​​សិង្ហបុរី ភ្លើងឆេះព្រៃ​នៅឥណ្ឌូណេស៊ី​ ដែល​ជា​ប្រទេស​ជិតខាង​ ជា​មូលហេតុ​ចំបង​ធ្វើ​ឲ្យ​មាន​​ផ្សែង​ពុល​​ខ្លាំង​​ ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព។ ​

អ្នកទេសចរ​ថតរូប​នៅទីក្រុង​សិង្ហបុរី​ដែល​អួរអាប់​ដោយ​ខ្យល់ពុល​បរិយាកាស​បង្ក​ដោយភ្លើង​ឆេះព្រៃ​នៅ​ឥណ្ឌូណេស៊ី
អ្នកទេសចរ​ថតរូប​នៅទីក្រុង​សិង្ហបុរី​ដែល​អួរអាប់​ដោយ​ខ្យល់ពុល​បរិយាកាស​បង្ក​ដោយភ្លើង​ឆេះព្រៃ​នៅ​ឥណ្ឌូណេស៊ី ©REUTERS/Edgar Su
ផ្សាយពាណិជ្ជកម្ម

ភ្លើង​ឆេះព្រៃ​អស់ប៉ុន្មាន​ថ្ងៃ​មកហើយ នៅ​កោះស៊ូម៉ាត្រា ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី បាន​បង្ក​ឲ្យ​មាន​ពពកខ្មៅ ដែល​ជា​ផ្សែងពុល​ គ្របដណ្តប់​ប្រទេស​ដ៏តូចមួយ​ដូចជា​សិង្ហបុរី។ តាម​ទីភ្នាក់ងារ​បរិស្ថាន​ជាតិ​សិង្ហបុរី នៅព្រឹក​ថ្ងៃ​ចន្ទនេះ កំរិត​ផ្សែង​ពុល​បាន​ឡើង​ដល់​កំរិត​មួយ​ខ្ពស់​បំផុត គឺ ១១១ មុន​នឹង​ធ្លាក់​មក​នៅ ត្រឹម​៨០ នៅ​ពេល​ថ្ងៃ​ត្រង់។ ​តាម​ធម្មតា​ ខ្យល់ពុល​ដែល​មាន​កំរិត​ចាប់ពី​១០១​ឡើង​ទៅ​ត្រូវ​ចាត់ទុក​ជា​មេគ្រោះថ្នាក់​បំផ្លាញ​​សុខភាព។ អ្នក​ដែល​មានជម្ងឺ​ខ្សោយ​បេះដូង ឬ​អ្នកដែល​មានជម្ងឺ​​ផ្លូវដង្ហើម​ត្រូវ​ណែនាំ​ឲ្យ​កាត់បន្ថយ​សកម្មភាព​ដើរហើរ​ច្រើន នៅ​ខាង​ក្រៅអគារ។

 
តាម​សេចក្តី​ប្រកាស​របស់​រដ្ឋាភិបាល​សិង្ហបុរី ខ្យល់ពុល​បរិយាកាស​បង្ក​ឡើងដោយ​ផ្សែង​ភ្លើង​ឆេះព្រៃ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី។ ជារៀងរាល់​ឆ្នាំ គឺ​ចាប់​ពី​ខែ​ក្តៅ​ទៅ ភ្លើង​ឆេះព្រៃ​នៅ ឥណ្ឌូណេស៊ី ដែល​បណ្តាល​មកពី​វប្បធម៌​ដុត​រុករាន​ដី​ធ្វើ​ចំការ​របស់​ប្រជាជន​នៅ​កោះ​ស៊ូម៉ាត្រា ឧស្សាហ៍​បង្ក​ឲ្យ​មាន​កំរិត​ផ្សែង​ពុល​ខ្ពស់​បំផុត នៅប្រទេស​ជិតខាង។ កាលពី​ឆ្នាំមុន ​សិង្ហបុរីបាន​ជួប​កំរិត​ផ្សែង​ពុល​បរិយាកាស​ខ្លាំង​បំផុត​មិនធ្លាប់​មាន​នៅក្នុងរយៈពេល​១៥​ឆ្នាំ​ចុងក្រោយនេះ។

នៅ ចន្លោះ​ឆ្នាំ ១៩៩៧ និង​ឆ្នាំ ១៩៩៨ ភ្លើងឆេះព្រៃ ជាច្រើន​ដែល​គេ​មិន​អាច​គ្រប់គ្រង​ពន្លត់​បាន​បង្ក​ឲ្យ​មាន​ផ្សែងពុល​ ផ្ទៃមេឃ​អួរអាប់​អស់​រយៈពេល​ជា​ច្រើន​​ខែ នៅបណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍។ ផ្សែងពុល​នៅ​ឆ្នាំនោះ​បាន​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សុខភាព​ផ្លូវដង្ហើម​របស់​ប្រជាជន និង​បាន​រាំង​ស្ទះដល់​ដំណើរ​អាកាស​ចរណ៍។ គេ​ប៉ាន់​ប្រមាណ​ថា ផ្សែង​ពុល​បរិយាកាស​​បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​របស់​ប្រទេស​ជាច្រើន​នៅ​អាស៊ាន ​ខាតបង់​ទឹកប្រាក់សរុប​​ជាង​​៩ពាន់​លាន​ដុល្លារ។

អ្នកជំនាញ​សិង្ហបុរី​វាយតម្លៃថា បាតុភូត អែល នីណូ​ ឆ្នាំនេះ នឹង​បង្ក​​ឲ្យមាន​​ភាពរាំងស្ងួត​ខ្លាំង ខុស​ពី​ធម្មតា ដែល​នឹង​ផ្តល់​អំណោយផល​ច្រើនសម្រាប់​​ភ្លើង​ឆេះព្រៃ៕ ​​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ