អានតួអត្ថបទ
ជប៉ុន​

ភ្នំភ្លើង​អុនតាកិ នៅ​ជប៉ុន​កម្រើក​ឡើងវិញ​ដោយ​ស្ងាត់ៗ សម្លាប់​មនុស្ស​ជាង​៣០នាក់

កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ នៅ​ប្រទេស​ជប៉ុន​មាន​ហេតុការ​ផ្ទុះ​ភ្នំភ្លើង​មួយ​ ឈ្មោះ អុនតាកិ ដែល​នៅ​ចម្ងាយ​ប្រមាណ​ជា​ ២០០​គីឡូមែត្រ ពី​ទីក្រុង​តូក្យូ។ ភ្នំភ្លើង​នេះ​បាន​កម្រើក​ឡើងវិញ​ ដោយ​គ្មាន​បាន​ឲ្យ​សញ្ញា​ជាមុន ហើយ​បាន​សម្លាប់​មនុស្ស​ជាង​៣០នាក់ ដែល​កំពុងតែ​ឡើង​ទៅ​កំសាន្ត​នៅ​លើ​ភ្នំ​នោះ។ ថ្វីត្បិត​តែ​ពេល​នេះ ភ្នំភ្លើង​ហាក់​បាន​ស្ងប់ស្ងាត់​ទៅ​វិញ ប៉ុន្តែ​អ្នក​ជំនាញ មាន​ការ​ព្រួយបារម្ភ​ថា វា​អាច​នឹង​ផ្ទុះឡើង​ជាថ្មី ក្នុង​ពេល​ឆាប់ៗ​នេះ។

ផ្សែង​ផេះ ហោះចេញ ពីកំពូល​ភ្នំ ​អុនតាកិ នៅថ្ងៃ​ទី​២៧ កញ្ញា ២០១៤
ផ្សែង​ផេះ ហោះចេញ ពីកំពូល​ភ្នំ ​អុនតាកិ នៅថ្ងៃ​ទី​២៧ កញ្ញា ២០១៤ REUTERS/Kyodo
ផ្សាយពាណិជ្ជកម្ម

ភ្នំភ្លើង អុនតាកិ​ ដែល​នៅ​ក្បែរ​ក្រុងតូក្យូ ហើយ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ភ្នំ​ហ៊្វូជី បាន​កម្រើក​ឡើងវិញ យ៉ាង​ស្ងាត់ៗ គ្មាន​ឲ្យ​សញ្ញា​ជា​មុន​ នៅ​ថ្ងៃ​សៅរ៍​ ទី​២៧​ កញ្ញា។ ក្នុង​កំឡុង​ពេល​នេះ ដែល​ជា​រដូវ​ស្លឹកឈើ​ជ្រុះ​នៅ​ជប៉ុន មាន​មនុស្ស​ម្នា​ជា​ច្រើន​នាក់ បាន​នាំ​គ្នា​ទៅ​ឡើង​លើ​ភ្នំ​នេះ។ ក្នុងពេល​ដែល​ភ្នំភ្លើង​នេះ​ផ្ទុះ​ មាន​មនុស្ស​យ៉ាង​ហោច​ណាស់​៣០០នាក់ ដែល​កំពុង​តែ​ធ្វើ​ដំណើរ​ឡើង​ទៅ​លើ​ភ្នំ។ យោង​តាម​ការ​រាយការណ៍ របស់​អជ្ញាធរ​ជប៉ុន មាន​មនុស្ស​ស្លាប់​ចំនួន​ជាង​៣០នាក់​ហើយ ហើយ​និង​មាន​អ្នក​រងរបួស​ជាច្រើន​នាក់​ផ្សេង​ទៀត​ ដែល​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​បន្ទាន់ នៅ​មន្ទីរពេទ្យ។

 
ស្ត្រី​ម្នាក់​ដែល​បាន​រួច​ជីវិត​ ក្នុង​ហេតុការណ៍​នេះ​ បាន​ថ្លែង​ថា គាត់​បាន​ឮ​សំឡេង​ដូច​ជា​រន្ទះ​បាញ់ ហើយ​បន្ទាប់​មក​មាន​បំណែក​ថ្ម​ជា​ច្រើន បាន​ផ្ទុះ​ចេញ​ពី​កំពូល​ភ្នំ ហើយ​និង​មាន​ផ្សែង​ខ្មៅ​ក្រាស់​ លាយ​ជាមួយ​ផេះ។ មាន​មនុស្ស​ប្រហែល​ជា​៥០នាក់ មាន​ជាប់គាំង​នៅ​លើ​ភ្នំ​ អស់​មួយ​យប់ ដោយសា​តែ​ផ្សែង​ផេះ​ខ្មៅ ធ្វើ​ឲ្យ​មើល​ផ្លូវ​មិន​ឃើញ។ ក្រុម​សង្រ្គោះ​មាន​គ្នា​ចំនួន​៥៥០នាក់ កំពុង​តែ​ជួយ​រំដោះ​មនុស្ស​ចុះ​ពី​លើ​ភ្នំ ហើយ​នឹង​ដឹក​អ្នក​ដែល​រង​របួល​ទៅ​មន្ទីរពេទ្យ។ មនុស្ស​ដែល​ស្លាប់ ភាគច្រើន​ដោយសា​តែ​ថប់​ដង្ហើម​ ព្រោះ​ផ្សែងផេះ​ក្រាស់​ខ្មឹក ហើយ​និង​របួស​ដោយសា​ ត្រូវ​បំណែក​ថ្ម​ដែល​ផ្ទុះ​ត្រូវ។

សូម​បញ្ជាក់​ថា ប្រទេស​ជប៉ុន​ជា​ប្រជុំ​កោះ ដែល​ស្ថិត​នៅ​លើ​ខ្សែ​ក្រវ៉ាត់​ភ្នំ​ភ្លើង។ ស្រទាប់​ម៉ាក់ម៉ា​ ដែល​នៅ​ខាង​ក្រោម​ដី​ប្រទេស​ជប៉ុន មាន​ចម្ងាយ​ជិត​បំផុត។ ដូចនេះ​ហើយ បាន​ជា​នៅ​ក្នុង​តំបន់​នេះ សម្បូរ​គ្រោះ​រញ្ជួយដី ទាំង​នៅ​លើ​គោក និង​នៅ​បាត​សមុទ្រ​ ព្រោះ​ស្រទាប់ដី​ដែល​ស្តើង តែងតែ​កម្រើក​ ដោយសា​ស្រទាប់​ម៉ាក់ម៉ា​ ដែល​ពុះ​កញ្រ្ជោល។

អ្នក​ជំនាញ​ធរណីវិទ្យា​បាន​ប៉ាន់ស្មាន​ថា ការ​រញ្ជួយដី​នៅ​បាត​សមុទ្រ​កាល​ពី​ឆ្នាំ​២០១១ អាច​ជា​មូលហេតុ​ ដែល​ធ្វើ​ឲ្យ​ភ្នំភ្លើង អុនតាកិ​កម្រើក​ឡើង​វិញ ព្រោះ​វា​បាន​ធ្វើឲ្យ​ស្រទាប់ដី​បែក​ប្រេះ កាន់​តែ​ខ្លាំង នាំឲ្យ​កម្លាំង​ម៉ាក់ម៉ា ផ្ទុះ​ចេញ​មក​ក្រៅ​បាន។ ទោះ​បី​ជា​យ៉ាង​ណា រហូត​មក​ទល់​ពេល​នេះ គេ​នៅ​មិន​ទាន់​បាន​ឃើញ​កំអែល​ភ្នំភ្លើង​ ជា​រងើក​ភ្លើង​ក្រហម​ឆ្អៅ ហូរ​ចេញ​មក​ទេ។ ប៉ុន្តែ​អ្នក​ជំនាញ មាន​ការ​ព្រួយ​បារម្ភ​ថា ក្នុង​ពេល​ឆាប់ៗនេះ នឹង​មាន​ការ​ផ្ទុះ​ជា​ថ្មី ហើយ​ដែល​មាន​កំអែល​ភ្លើង​ផ្ទុះ​ហូរ​ចេញ។ ក្នុង​ករណី​នេះ ប្រជាជន​នៅ​តំបន់​នោះ​ ត្រូវតែ​ជម្លាស​ចេញ​ជា​បន្ទាន់។ មួយ​វិញ​ទៀត ភ្នំ​ហ៊្វូជី ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទី​នោះ​ដែរ អាច​នឹង​កម្រើក​ឡើងវិញ​ដូច​គ្នា​ដែរ។ សូម​រំលឹក​ថា កាល​ពី​ឆ្នាំ​១៩៧៩ ភ្នំភ្លើង អុនតាកិ បាន​ផ្ទុះ​ម្តង ដែល​កាល​នោះ​ បាន​បន្សល់​ទុក​ផេះ​ ជាង​២០ម៉ឺនតោន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ