អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

បុគ្គ​លិក​​ភោជ​នីយ​ដ្ឋាន​កំពុង​ទាម​ទារ​ដំ​ឡើង​ប្រាក់​ម៉ោង​អប្ប​បរមា​នៅ​សហ​រដ្ឋ​អាមេរិច​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចាប់​តាំង​ពី​ដើម​ខែ​កញ្ញា​មក​ បុគ្គលិក​បំរើ​ការងារ​នៅ​តាម​បណ្តា​ភោជនីយដ្ឋាន​ម្ហូប​លឿន​​ឬ​ហៅ​ថា​ fast-food ក្រោម​ស្លាក​យីហោ​ដូចជា​ McDonald's,​ Burger ​King,​ Wendy's​ ជា​ដើម​បាន​ធ្វើ​បាតុកម្ម​កក្រើក​សហរដ្ឋអាមេរិច។ ​បុគ្គលិក​ទាំង​នោះ​កំពុង​​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​អោយ​បាន​ ១៥ ​ដុល្លារ​ក្នុង​មួយ​ម៉ោង និង​សិទ្ធិ​មួយ​ចំនួន​ ដោយសារ​លក្ខខ័ណ្ឌ​ការងារ​បច្ចុប្បន្ន​របស់​ពួកគេ​ពុំ​សម​ស្រប​នឹង​ប្រាក់​ចំណូល​ប្រចាំ​ខែ។ ប្រាក់ឈ្នួល​ទាប​ ម៉ោង​ការងារ​តិច​ និង​អវត្តមាន​សហជីព​នៅ​កន្លែង​ធ្វើការ​សុទ្ធសឹង​ជា​សំរែក​ទាមទារ​របស់​បាតុករ​ទាំង​នោះ។ ​នៅ​សហរដ្ឋអាមេរិច ភាគ​ច្រើន​នៃ​បុគ្គលិក​បំរើ​ការងារ​នៅ​តាម​បណ្តា​ភោជនីយដ្ឋាន​ទាំង​នោះ​កំពុង​រស់នៅ​ក្រោម​បន្ទាត់​នៃភាព​ក្រីក្រ​ ដែល​ក្នុង​នោះ​មួយ​ចំនួន​ត្រូវ​បង្ខំ​ចិត្ត​ធ្វើការ​ពីរ​ ឬបី​កន្លែង។ 

ប្រជាជន​អាមេរិក​ទាមទារ​ដំឡើង​ប្រាក់​អប្បបរមា​ឲ្យ​ដល់​១៥​ដុល្លារ​ក្នុង​មួយ​ម៉ោង
ប្រជាជន​អាមេរិក​ទាមទារ​ដំឡើង​ប្រាក់​អប្បបរមា​ឲ្យ​ដល់​១៥​ដុល្លារ​ក្នុង​មួយ​ម៉ោង ©REUTERS/Noah Berger/Files
ផ្សាយពាណិជ្ជកម្ម

ការធ្វើ​អត្តឃាត​របស់​នាង​ Maria ​Fernandes ​កាល​ពី​ចុង​ខែ​សីហា​កន្លង​ទៅ​នេះ​បាន​ធ្វើ​អោយ​មតិ​សារធារណ​ជន​អាមេរិច​ចាប់​ផ្តើម​យល់​ពី​លក្ខខ័ណ្ឌ​ការងារ​នៅ​តាម​បណ្តា​ភោជនីយដ្ឋាន​លក់​ម្ហូប​លឿន​ ឬ​គេ​តែង​ហៅ​ថា​ Fast food។​ មាន​អាយុ​ ៣២ ឆ្នាំ​ នាង​ Maria ​Fernandes ​បំរើ​ការងារ​អោយ​ហាង​ Dunkins Donuts ចំនួន​ពីរ​ និង​ភោជនីយដ្ឋាន​ចំនួន​ពីរ​កន្លែង​ផេ្សង​ទៀត នៅ​រដ្ឋ​ New Jersey។ ដោយសារ​តែ​ពុំ​អាច​រក​បាន​ការងារ​ពេញ​ម៉ោង នាង​ត្រូវ​បង្ខំ​ចិត្ត​ទទួល​យក​ម៉ោង​បន្តិច​បន្តួច​ ហើយ​ធ្វើការ​បួន​កន្លែង​ខុស​គ្នា។ ភាព​អស់​សង្ឃឹម​ក្នុង​ជីវិត​ និង​ភាពនឿយ​ហត់​ក្នុង​ការងារ​ជា​មូល​ហេតុ​ចម្បង​បណ្តាល​អោយ​នាង​សំរេច​ចិត្ត​ផ្តាច់​ជីវិត​ខ្លួន​បែប​នេះ។

 
រឿងរ៉ាវ​នេះ​ជា​ចំនុច​តូច​មួយ​បង្ហាញ​ពី​ភាពមិន​ប្រក្រតី​ក្នុង​សង្គម​សហរដ្ឋអាមេរិច​ ដែល​ញាំញី​ដោយ​វិបត្តិ​សេដ្ឋកិច្ច និង​អត្រា​អ្នកអត់​ការងារ​ធ្វើ​កើន​ឡើង ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ បើ​តាម​ការិយាល័យ​ស្ថិតិ​ការងារ​សហព័ន្ធ​អាមេរិច​ តួ​លេខ​អ្នក​ធ្វើការងារ​ពាក់​កណ្តាល​ម៉ោង​ និង​ធ្វើការ​ច្រើន​កន្លែង​មាន​រហូត​ទៅ​ដល់​ ៧,៥ លាន​នាក់​ឯណោះ។ ដូចនេះ​ហើយ​ទើប​មាន​ចលនា​បាតុកម្ម​ចាប់​តាំង​ពី​ដើម​ខែ​កញ្ញា​នេះ ដើម្បី​​ទាមទារ​អោយ​មាន​ការដំឡើង​ប្រាក់​ម៉ោង​អប្បបរមា​ និង​លក្ខខ័ណ្ឌ​ការងារ​ប្រសើរ​ជាង​មុន។

បុគ្គលិក​បំរើ​ការងារ​អោយ​ភោជនីយដ្ឋាន​ធំៗ​ដូច​ជា​ McDonald's,​ Burger ​King,​ Wendy's ជា​ដើម​នោះ​កំពុង​ដឹកនាំ​ការទាមទារ​ដំឡើង​ប្រាក់​ម៉ោង​អប្បបរមា​ និង​សិទ្ធិ​បង្កើត​សហជីព​នៅ​តាម​កន្លែង​ធ្វើការ​របស់​ខ្លួន។

បាតុករ​រាប់​ពាន់​នាក់​បាន​ដើរ​តាម​ទី​សាធា​រណ​ និង​អង្គុយមួយ​កន្លែង នៅ​តាម​ដង​ផ្លូវ​ដើម្បី​អោយ​មនុស្សម្នា​ចាប់​អារម្មណ៍​ចំពោះ​ការទាមទារ​របស់​ពួកគេ។ ក្រោម​ពាក្យ​ស្លោក​ថា «ទាមទារ​សុំ​ ១៥ ដុល្លារ​ក្នុង​មួយ​ម៉ោង​» (Fight for 15 $ US) បាតុកម្មនេះ​ត្រូវ​បាន​រៀបចំ​ធ្វើ​នៅ​តាម​បណ្តា​ទី​ក្រុង​ចំនួន​ ១៥០ កន្លែង​ទូទាំង​សហរដ្ឋ​អាមេរិច។ យុទ្ធនាការ​ថ្នាក់​ជាតិ​នេះ​បាន​ទទួល​ការគាំ​ទ្រ​ពី​​សហព័ន្ធ​អន្តរជាតិ​សំរាប់​នយោជិក​ផែ្នក​សេវាកម្ម (Service Employees International Union)។

បច្ចុ​ប្បន្ន​នេះ​ បុគ្គលិក​ម្នាក់​បំរើ​ការងារ​នៅ​តាម​ភោជ​នីយ​ដ្ឋាន​ម្ហូប​លឿន​ fast-food អាច​ទទួល​បាន​ប្រាក់​ឈ្នួល​ ៧,២៥ ដុល្លារ​ក្នុង​មួយ​ម៉ោង។ ប្រសិន​បើ​គេ​ធ្វើការ​ ៤០​ ម៉ោង​ក្នុង​មួយ​សប្តាហ៍​ គេ​អាច​រក​ចំណូល​បានប្រមាណ​ ១៥ ០០០ ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ បើ​តាម​ពិត​ទៅ ប្រាក់​ចំណូល​នេះ​ពុំ​ច្រើន​ទេ​ ព្រោះ​វា​ស្ថិតនៅ​ក្រោម​បន្ទាត់​ភាព​ក្រីក្រទៅ​ទៀត។ នៅ​សហរដ្ឋ​អាមេរិច បន្ទាត់​ភាពក្រីក្រ​ត្រូវ​បាន​គេ​កំណត់​ត្រឹម​ប្រាក់​ចំណូល​១៦ ០០០ ដុល្លារ​ក្នុង​មួយ​ឆ្នាំ សំរាប់​មនុស្ស​ម្នាក់។

ក្រៅ​ពី​ប្រឈម​មុខ​នឹង​ប្រាក់ឈ្នួលទាប​ បុគ្គលិក​នៅ​តាម​បណ្តា​ភោជីយ​ដ្ឋាន​ទាំង​នោះ​គ្មាន​សិទ្ធិ​បង្កើត​សហជីព​នៅ​កន្លែង​ធ្វើ​ការ​របស់​ខ្លួន​ឡើយ។ លើស​ពី​នេះ​ ពួក​គេពុំ​ទទួល​បាន​ការ​ងារ​ពេញ​ម៉ោង ព្រម​ទាំង​ត្រូវ​ប្រឈមមុខ​នឹង​ម៉ោង​ការងារ​ចេញ​ចូល​មិន​ទៀង​ទាត់ ពិត​ប្រាកដ។ នយោជក​ ដែល​ជា​ម្ចាស់​ហាង​ធំៗ​ទាំង​នោះ​ចូលចិត្ត​ធ្វើ​បែប​នេះ​ ព្រោះ​ពួកគេ​ចៀសវាង​ការចំណាយ​ច្រើន​លើ​បុគ្គលិក​ ជា​ពិសេស​ពួក​គេ​ពុំ​ចាំបាច់​ចំណាយ​ប្រាក់​លើ​ម៉ោង​បន្ថែម។

យុទ្ធនាការ​«ទាមទារ​សុំ​ ១៥ ដុល្លារ​ក្នុង​មួយ​ម៉ោង​» នេះ​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពលរដ្ឋ​អាមេរិច​យ៉ាង​ខ្លាំង​ក្រៃលែង​ ខណៈ​ពេល​ដែល​គម្លាត​​ប្រាក់​ចំណូល​របស់​ប្រជាពលរដ្ឋ​កំពុង​ក្លាយ​ជា​ប្រធាន​បទ​ដ៏​ក្តៅ​គគុក។ ​លោក​ប្រធានាធិបតី​ បារាក់​ អូបាម៉ា ធ្លាប់​បាន​អះអាង​ថា​ ការដំឡើង​ប្រាក់​ខែ​ដល់​បណ្តាជន​ដែល​មាន​ចំណូល​ទាប​អាច​ជួយ​ពង្រឹង​ជីវភាព​ថ្នាក់​កណ្តាល។ សូម​បញ្ជាក់​ដែរ​ថា​ អស់​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ​ ដែល​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី​ អូបាម៉ា បាន​ធ្វើ​សំណើ​ច្បាប់​ទៅ​សភា​ ដើម្បី​សុំ​ដំឡើង​ប្រាក់​អប្បបរមា​ពី ៧,២៥ ទៅដល់ ១០ ដុល្លារ​ក្នុង​មួយ​ម៉ោង​សំរាប់​ទូទាំង​អាមេរិច​ទាំង​មូល​តែ​ម្តង។ ប៉ុន្តែ​ ការប៉ុនប៉ង​នេះ​កំពុង​ជួប​ឧបសគ្គ​ ព្រោះ​សមាជិក​សភា​មក​ពី​គណបក្ស​សាធារណរដ្ឋ​ជំទាស់​ដាច់​ខាត។ ខាង​គណបក្ស​សាធារណរដ្ឋ​យល់​ឃើញ​ថា​ ការ​ដំឡើង​ប្រាក់​ម៉ោង​នេះ​នឹង​ធ្វើ​អោយ​បណ្តា​ពួក​ថៅកែ​ភោជនីយដ្ឋាន​មិន​សប្បាយ​ចិត្ត​ និង​ពុំ​ព្រម​បង្កើត​ការងារ​បន្ថែម​ទៀត។ ​គួរ​រំលឹក​ផង​ដែរ​ថា ការដំឡើង​ប្រាក់​ម៉ោង​អប្បបរមា​ចុង​ក្រោយ នៅ​សហ​រដ្ឋ​អាមេរិច​បាន​ធ្វើ​ឡើង​កាល​ពី​ឆ្នាំ ២០០៩​ មុន​ពេល​វិបត្តិ​សេដ្ឋ​កិច្ច​ពិភព​លោក​ផ្ទុះ​ឡើង។

គេ​ពិបាក​ជឿ​ថា សមាជិក​សភា​មក​ពី​គណបក្ស​សាធារណរដ្ឋ​គាំទ្រ​សំណើ​នេះ​ណាស់​​ ហើយ​គេ​ក៏​ពុំ​ដឹងដែរ​ថា ពេល​ណា​សំណើ​ច្បាប់​នេះ​អាច​ឆ្លង​រួច​ផុត​ពី​សភា។ ​ប៉ុន្តែ​ នៅ​តាម​បណ្តា​រដ្ឋ និង​ក្រុង​មួយ​ចំនួន​ដែល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក​ អូបាម៉ា ប្រាក់​ឈ្នួល​អប្បបរមា​គ្រោង​នឹង​ត្រូវ​ដំឡើង​ជា​បណ្តើរៗ​រួច​ទៅ​ហើយ តួ​យ៉ាង​មាន​ដូចជា​នៅ​ទី​ក្រុង Seattle, San Francisco និង Washington ជាដើម។

បើ​តាម​យោបល់​អ្នក​ជំនាញ​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ (FMI) ការដំឡើង​ប្រាក់​ម៉ោង​អប្បបរមា នៅ​សហរដ្ឋ​អាមេរិច​នឹង​ពុំ​បង្ក​បញ្ហា​ប៉ះពាល់​ដល់​ការបង្កើត​ការងារ​បន្ថែម​ឡើយ។ ផ្ទុយ​ទៅ​វិញ​ វា​ប្រហែល​ជា​អាច​ជួយ​ទប់ស្កាត់​សន្ទុះ ភាព​ក្រីក្រ​នៅ​សហ​រដ្ឋ​អាមេរិច​ ដែល​ចេះ​តែ​កើន​ឡើង​ និង​គួរ​អោយ​បារម្ភ​យ៉ាង​ខ្លាំង​ក្រៃលែង។ បច្ចុប្បន្ន​នេះ​ ភាពក្រីក្រ​ប៉ះពាល់​ដល់​ពលរដ្ឋ ​អាមេរិច​ប្រមាណ​ ៥០ លាន​នាក់​ ដែល​ស្មើ​នឹង​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ ៦ នាក់។ ដូចនេះ​ ការ​ដំឡើង​ថ្លៃ​ប្រាក់​ម៉ោង​ធ្វើការ​អាច​ជួយពល​រដ្ឋ​ក្រីក្រ​អាមេរិច​អោយ​មាន​ជីវភាពប្រសើរ​ឡើង​ ហើយ​ពេល​នោះ​អំណាច​នៃ​ការទិញ​ក៏​នឹង​អាច​កើន​ឡើង​ផង​ដែរ ​ហើយ​អាច​ធ្វើ​អោយ​សេដ្ឋកិច្ច​អាមេរិច​អាច​ងើប​ឡើង​ពី​វិបត្តិ៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ