បាតុកម្មហិង្សានៅបួគីណាហ្វាសូប្រឆាំងការកែប្រែរដ្ឋធម្មនុញ្ញ
មានអំពើហិង្សាបានកើតឡើងយ៉ាងក្តៅគគុក នៅប្រទេសបួគីណាហ្វាសូ កាលពីថ្ងៃព្រហស្បតិ៍ទី ៣០តុលា។ ប្រជាជនបានធ្វើបាតុកម្ម ប្រឆាំងនឹងរដ្ឋាភិបាល និងរដ្ឋសភាដែលកំពុងតែធ្វើវិសោធនកម្ម កែប្រែរដ្ឋធម្មនុញ្ញរបស់ប្រទេសនេះ។ ការកែប្រែនេះ មានចេតនាដើម្បីអនុញ្ញាតឲ្យប្រធានាធិបតីបច្ចុប្បន្ន ដែលកាន់តំណែង២៧ឆ្នាំមកហើយនោះ បានឈរឈ្មោះបោះឆ្នោត ជាថ្មីទៀតនៅអាណត្តិក្រោយ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:២៥
អស់រយៈពេលពីរថ្ងៃមកហើយ ដែលនៅទីក្រុង អ៊ូអាហ្គាឌូហ៊្គូ មានផ្ទុះការតវ៉ារបស់ប្រជាជនបួគីណាហ្វាសូ ប្រឆាំងនឹងគម្រោងវិសោធនកម្មរដ្ឋធម្មនុញ្ញ របស់រដ្ឋាភិបាល និងរដ្ឋសភា។ នៅថ្ងៃព្រហស្បតិ៍ទី ៣០ តុលា អំពើហិង្សាបានកើនឡើងដល់កំរិតធ្ងន់ធ្ងរ ដោយប្រជាជនបានប្រមូលគ្នា ទៅតវានៅខាងមុខមន្ទីរដ្ឋសភា ហើយបានចូលទៅវាយកំទេចសម្ភារៈនៅក្នុងអាគាររដ្ឋសភា ហើយបានដុតបំផ្លាញអាគារនេះ អស់មួយភាគធំ។ ប្រជាជនអ្នកតវ៉ាមួយក្រុមផ្សេងទៀត បានធ្វើដំណើរទៅកាន់ អាគារទីស្តីការគណៈរដ្ឋមន្រ្តី។ នៅទីនោះ ប្អូនប្រុសរបស់ប្រធានាធិបតី បានបាញ់រះទៅលើហ្វូងបាតុករ បណ្តាលឲ្យស្លាប់បាតុករម្នាក់ និងរងរបួសជាច្រើននាក់។
សូមបញ្ជាក់ថា ដើមហេតុនៃការតវ៉ានេះ គឺដោយសាររដ្ឋាភិបាលបានស្នើសុំឲ្យសភា បោះឆ្នោតធ្វើវិសោធនកម្ម កែប្រែមាត្រ៣៧ នៃរដ្ឋធម្មនុញ្ញប្រទេស បួគីណាហ្វាសូ។ ការកែប្រែនេះ នឹងអាចអនុញ្ញាតឲ្យប្រធានាធិបតីបច្ចុប្បន្នគឺលោក ប្លេស កុមប៉ាអូរ៉េ បានឈរឈ្មោះបោះឆ្នោតជាថ្មីម្តងទៀត។ កាលពីប៉ុន្មានសប្តាហ៍មុន រដ្ឋាភិបាល បួគីណាហ្វាសូបានឲ្យដឹងថា គម្រោងវិសោធនកម្ម នឹងដាក់ស្នើឲ្យប្រជាជនសម្រេចចិត្ត តាមរយៈការធ្វើប្រជាមតិ។ ប៉ុន្តែទីបំផុតទៅ រដ្ឋាភិបាលបានស្នើសុំឲ្យរដ្ឋសភាជាអ្នកបោះឆ្នោតសម្រេចទៅវិញ។ ហេតុនេះ បានជាប្រជាជន មានការកើតទុក្ខមិនសុខចិត្ត ហើយបាននាំគ្នាតវ៉ា វាយបំផ្លាញរដ្ឋសភា ក្នុងពេលដែលតំណាងរាស្រ្ត កំពុងតែប្រជុំគ្នា បោះឆ្នោតលើគម្រោងនេះ។ បន្ទាប់ពីហេតុការណ៍នេះ រដ្ឋាភិបាលបានផ្តល់ដំណឹងថា ការបោះឆ្នោតសម្រេចលើវិសោធនកម្មមាត្រា៣៧ នៃរដ្ឋធម្មនុញ្ញ ត្រូវបានព្យួរទុកមួយអន្លើ ហើយបានអំពាវនាវឲ្យប្រជាជនរក្សាភាពស្ងប់ស្ងាត់។
សូមរំលឹកថា លោក កុមប៉ាអូរ៉េ ដែលមានវ័យ៦៣ឆ្នាំ បានកាន់កាប់កៅអីជាប្រធានាធិបតីប្រទេស បួគីណាហ្វាសូ អស់រយៈពេល២៧ឆ្នាំមកហើយ។ លោកបានធ្វើការកែប្រែរដ្ឋធម្មនុញ្ញ ពីរលើករួចមកហើយ ដើម្បីអាចឈរឈ្មោះបោះឆ្នោត។ ក្រោយពីការធ្វើវិសោធនកម្មនៅឆ្នាំ២០០០ មាត្រា៣៧ ត្រូវបានកែប្រែថា បេក្ខជនប្រធានាធិបតីអាចឈរឈ្មោះបានពីរដង ហើយមួយអាណត្តិមានរយៈពេល៥ឆ្នាំ។ ក្នុងឆ្នាំ២០០៥ លោកបានចាប់ផ្តើមអាណត្តិ៥ឆ្នាំ ទីមួយរបស់លោក ហើយនៅឆ្នាំ២០១៥នេះ គឺលោកនឹងត្រូវបញ្ចប់អាណត្តិទីពីរ។ ដោយសាតែនៅស្តាយអំណាច លោកបានអូសទាញរដ្ឋាភិបាល និងរដ្ឋសភា ឲ្យបោះឆ្នោតកែប្រែមាត្រា៣៧ នៃរដ្ឋធម្មនុញ្ញដើម្បីលប់ការកំណត់ពីរអាណត្តិចោល។
ប្រទេសបួគីណាហ្វាសូ ដែលមានប្រជាជនប្រមាណជា ១៧លានអ្នក មានប្រជាជនវ័យក្មេងអាយុក្រោម២៥ឆ្នាំ រហូតដល់ជាង៦០ភាគរយ។ យុវជនវ័យក្មេងទាំងនោះ តាំងពីដឹងក្តីមក មិនដែលបានស្គាល់មេដឹកនាំណា ផ្សេងក្រៅពីលោក កុមប៉ាអូរ៉េ ឡើយ។ ដូច្នេះហើយ បានជាយុវជនក្មេងធ្វើការប្រឆាំងជាដាច់ខាត មិនព្រមឲ្យលោក កុមប៉ាអូរ៉េ ធ្វើជាប្រធានាធិបតីអស់មួយជីវិតបានទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ