អានតួអត្ថបទ
ចិន-ឥណ្ឌា

ទស្សនកិច្ច​ប្រធានាធិបតី​ចិន​នៅ​ឥណ្ឌា លើក​តែ​ពី​បញ្ហា​ជំនួញ ទុក​មួយ​ឡែក​បញ្ហា​ទំនាស់​ព្រំដែន

ឥណ្ឌា​និង​ចិន ជា​មហា​អំណាច​សេដ្ឋកិច្ច​ដោយ​ឥត​ប្រកែក​បាន។ ថ្វី​ត្បិត​តែ​ធ្លាប់​មាន​ជម្លោះ​ព្រំដែន​រវាង​គ្នា ចិន និង​ឥណ្ឌា​ពេលនេះ​កំពុង​តែ​ខិត​មក​ជិត​គ្នា តែ​គឺ​យោង​តែ​លើ​ផល​ប្រយោជន៍​សេដ្ឋកិច្ច​តែ​ប៉ុណ្ណោះ។ ទំនាក់​ទំនង​ពាណិជ្ជកម្ម និង​វិនិយោទុន​នេះ ជា​សំណុំ​ឯកសារ​សំខាន់ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិនតី​ចិន ស៊ីជីនពីង នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ ដែល​មាន​រយៈពេល​៣​ថ្ងៃ គិត​ចាប់​ពី​ថ្ងៃ​ពុធ​ទី ១៧កញ្ញា។

ប្រធានាធិបតី​ចិន​ ស៊ី​ ជីនពីង និងប្រធានាធិបតី​​ឥណ្ឌា នរិន្ទ្រមូឌី ​ចាប់ដៃ​គ្នា​ នៅថ្ងៃទី​១៧ កញ្ញា ២០១៤
ប្រធានាធិបតី​ចិន​ ស៊ី​ ជីនពីង និងប្រធានាធិបតី​​ឥណ្ឌា នរិន្ទ្រមូឌី ​ចាប់ដៃ​គ្នា​ នៅថ្ងៃទី​១៧ កញ្ញា ២០១៤ REUTERS/India's Press Information Bureau/Handout
ផ្សាយពាណិជ្ជកម្ម

ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​អញ្ជើញ​របស់​លោក​ប្រធានាធីបតី​ឥណ្ឌា នរិន្ទ្រមូឌី លោក​ប្រធានាធិបតី​ចិន ស៊ីជីនពីង បាន​អញ្ជើញ​ទៅ​ដល់​ប្រទេស​ឥណ្ឌា​ហើយ ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​ រយៈ​ពេល​បី​ថ្ងៃ រាប់​ចាប់​ពី​ថ្ងៃ​ពុធ​ទី ១៧​កញ្ញា។ ថ្វីត្បិត​តែ​មាន​ជម្លោះ សៅហ្មង​នឹង​គ្នា​ ក្នុង​ប្រវិត្តិសាស្រ្ត ទាក់ទង​ទៅ​នឹង​ដែនដី​​នៅ​តាម​ព្រំដែន ក្នុង​ជួរភ្នំ​ហិមាល័យ ប្រទេស​ទាំងពីរ​ បាន​ទុក​ចោល​ជម្លោះ​នោះ​មួយ​អន្លើ ហើយ​ងៀក​មក​ចាប់​ដៃ​គ្នា​ រឹត​ចំណង​សេដ្ឋកិច្ច ព្រោះ​ថា​ម្នាក់ៗ សុទ្ធ​តែ​ត្រូវការ​គ្នា។

 
បើ​យើង​សរុប​ប្រជាជន​ឥណ្ឌា និង ចិន ប្រជាជន​ប្រទេស​តែ​ពីរ​នេះ​ស្មើ​នឹង​៣៥​ភាគរយ នៃ​ប្រជាជន​សរុប​នៅ​លើ​ពិភពលោក។ ទីផ្សារ និង​សក្តានុពល​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំង​ពីរ មានទម្ងន់​យ៉ាង​ធ្ងន់ នៅ​លើ​ជញ្ជីង​ពាណិជ្ជកម្ម​តំបន់​អាស៊ី និង​ពិភពលោក​ទាំង​មូល។ លោកស្រី Marie Françoise Renard ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច ចិន បាន​មាន​ប្រសាសន៍​ថា បើ​សេដ្ឋកិច្ច​ចិន និង ឥណ្ឌា​ដើរ​ស្របគ្នា ប្រទេស​ទាំងពីរ​ នឹង​អាច​គ្រប​ដណ្តប់​តំបន់​អាស៊ី​ទាំងមូល។ លោកស្រី​ពន្យល់​ថា ចិន​ជា​ជង្រុក​រោងចក្រ​ពិភពលោក ឯ​ឥណ្ឌា​វិញ ជា​ទីផ្សារ​ផ្តល់​សេវាកម្ម​ធំ​ជាងគេ​លើ​លោក។ ប្រទេស​ទាំងពីរ​បាន​មើល​ឃើញ​ពី​សក្តានុពល​សេដ្ឋកិច្ច​រៀងៗខ្លួន ហើយ​និង​ត្រូវការ​គ្នា​ទៅវិញ​ទៅមក។

ទោះ​បី​ជាយ៉ាង​ណា ជញ្ជីង​ពាណិជ្ជកម្ម​កន្លង​មក​រវាង​ប្រទេស​ទាំង​ពីរ ភាគ​ច្រើន​ផ្អៀង​ទៅ​ខាង​ចិន។ ពោល​គឺ​ចិន​បាន​ទទួល​ផល​កម្រៃ​ជាង​ខាង​ឥណ្ឌា ដោយសា​ទីផ្សារ​ចិន​ហាក់​នៅ​បិទ​ មិនទាន់​អនុញ្ញាត​ឲ្យ​ផលិតផល​ឥណ្ឌា​ វាយលុក​បាន​ទូលំ​ទូលាយ។ ប្រការ​នេះ​ហើយ ដែល​កន្លងមក​បាន​ធ្វើ​ឲ្យ​ឥណ្ឌា​អន់ចិត្ត ដែល​ឃើញ​កម្លាំង​នាំចេញ​របស់​ខ្លូន​នៅ​ចិន​ ធ្លាក់ចុះ​ជា​លំដាប់ ព្រោះ​ថា ដើម្បី​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​ឲ្យ​មាន​សមភាព លុះណា​តែ​ជញ្ជីង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​មាន​តុល្យភាព។

តាម​ការ​ឲ្យ​ដឹ​ងពី​រដ្ឋមន្រ្តី​ចិន​ ដែល​អម​ដំណើរ​លោក ស៊ីជីនពីង ចិន​នឹង​ចុះ​ហត្ថលេខា​លើ​កម្រោង​ទឹកប្រាក់​​វិនិយោគ​ចំនួន​១០០ពាន់លាន​ដុល្លារ ពោល​គឺ​លើស​​ពី​ទឹកប្រាក់​ ដែល​ជប៉ុន​បាន​សន្យា​វិនោយោគ​នៅ​ឥណ្ឌា​ ដល់​ទៅ​បី​ដង។ មួយវិញទៀត ចិន សង្ឃឹម​លើ​ឥណ្ឌា​ ក្នុង​ការ​បើក​ផ្លូវ​នាំចូល​ប្រេង​តាម​កំពង់ផែ​របស់​ឥណ្ឌា។ សូម​បញ្ជាក់​ថា ដើម្បី​ទ្រទ្រង់​សេដ្ឋកិច្ច​ខ្លួន ចិន​ត្រូវការ​ថាមពល​ប្រេង​ជា​ចាំបាច់។ រហូត​មក​ដល់​ពេល​នេះ ប្រេង​ដែល​ដឹក​ចូល​មក​ប្រទេស​ចិន ត្រូវ​ឆ្លងកាត់​ច្រក​សមុទ្រ​ម៉ាឡាក្កា រវាង​ឥណ្ឌូនេស៊ី និង​ម៉ាឡេស៊ី។ បើ​ថ្ងៃ​ណា​មួយ​ ច្រក​នេះ​បិទ​ដោយសា​ជម្លោះ​អ្វីមួយ នោះ​ចិន​ប្រាកដ​ជា​ហេងហាង​ ខ្វះ​ប្រេង​ប្រើ​ជាក់​ជា​ពុំខាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ