អានតួអត្ថបទ
ថៃ

នាយក​រដ្ឋ​មន្ត្រី​ថៃ​ថា ទេសចរ​ជាតិ​អង់គ្លេស​២នាក់​ត្រូវ​គេ​សម្លាប់​មកពី​ ស្លៀក​ប៊ីគីនី​ដើរ​រហេត​រហូត​ពេក

បន្ទាប់​ពី​សាកសព​ជនជាតិ​អង់គ្លេស​២នាក់​ ត្រូវ​បាន​គេ​រក​ឃើញ នៅ​ថ្ងៃ​ចន្ទ​ ទី​១៤ កញ្ញា វេលា ទៀបភ្លឺ នៅ​កោះតៅ ភាគ​ខាងត្បូង​ប្រទេស​ថៃ លោក​ប្រាយុទ្ធ ចន្ទអូចា បាន​ថ្លែង​បន្ទោស​ជន​រងគ្រោះ​ថា មក​ពី​ស្លៀក​ឈុត​មុជទឹក​ប៊ីគីនី ដើរ​រហេត​រហូត​ពេក ទើប​ធ្វើ​ឲ្យ​ឃាតករ​អត់ទ្រាំ​មិនបាន ទើប​ចាប់​រំលោភ រួច​សម្លាប់​ចោល។ សម្តី​នេះ បាន​ធ្វើ​ឲ្យ​ស្ថានទូត​ចក្រភព​អង់គ្លេស​ ចេញ​មក​ប្រតិកម្ម​ ទៀមទារ​ការ​បកស្រាយ ទន្ទឹម​នឹង​ពេល​ដែល​ការ​ស៊ើបអង្កេត​របស់​អជ្ញាធរ​ថៃ​ ក្នុង​ការ​ស្វែងរក​ឃាតករ មិន​បាន​ទទួល​លទ្ធផល​អ្វី​ទាំងអស់។

លោក ប្រាយុទ្ធ ចន្ទអូចា អគ្គបញ្ជាការកងទ័ព និង​ជា​នាយករដ្ឋមន្ត្រី​ប្រទេស​ថៃ
លោក ប្រាយុទ្ធ ចន្ទអូចា អគ្គបញ្ជាការកងទ័ព និង​ជា​នាយករដ្ឋមន្ត្រី​ប្រទេស​ថៃ REUTERS/Chaiwat Subprasom
ផ្សាយពាណិជ្ជកម្ម

អ្នក​ទេសចរ​ជនជាតិ​អង់គ្លេស​ពីរនាក់ ម្នាក់​ជា​ភេទប្រុស​អាយុ​២៤ឆ្នាំ និង​ម្នាក់​ទៀត​ ភេទស្រី​អាយុ​២៣ឆ្នាំ​ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​នៅ​វេលា​ទៀបភ្លឺ ថ្ងៃ​ចន្ទ​ទី១៤ កញ្ញា នៅ​តាម​ឆ្នេរខ្សាច់ លើ​កោះតៅ ភាគ​ខាងត្បូង​ប្រទេស​ថៃ។ ស្ថិត​ក្នុង​រាងកាយ​អាក្រាដ​ននលគក​ ជនរងគ្រោះ​ ទំនង​ជា​ត្រូវ​បាន​ឃាតករ​រំលោភ​សេពសន្ទវៈ មុននឹង​សម្លាប់​ចោល។

 
ក្រោយ​ហេតុការណ៍​នេះ​ មាន​ការ​ឃាត់ខ្លួន​មនុស្ស ១២នាក់ ដែល​ភាគច្រើន​សុទ្ធសឹង​តែ​ជា​កម្មករ​ជនជាតិ​ភូមា និង​អ្នក​ទេសចរ​បរទេស​ដែល​ជា​មិត្តភ័ក្ត្រ​ជនរងគ្រោះ។ ប៉ុន្តែ​ក្រោយ​ការ​ពិនិត្យ ADN នៅ​ក្នុង​ទឹកកាម​ ដែល​គេ​រកឃើញ​នៅ​កន្លែង​កើត​ហេតុ ជន​សង្ស័យ​ទាំង​១២​ ត្រូវបាន​គេ​ដោះលែង​ទៅ​វិញ ព្រោះ​ថា​គ្មាន​ជាប់​ពាក់ព័ន្ធនឹង​​ឃាតកម្ម​នេះ។

ស្រប​ពេល​ដែល​ការ​ស្រាវជ្រាវ​រក​ជន​ដៃដល់ មិន​បាន​ផ្តល់​លទ្ធផល​ជា​ដុំកំភួន ​នាយករដ្ឋមន្ត្រី​ ​ថៃ លោក ប្រាយុទ្ធ ចន្ទអូចា បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​​មួយ ដោយ​បាន​រិះគន់​អ្នក​ទេសចរ​ជា​ជនរងគ្រោះថា ដោយសា​តែ​ស្លៀក​ឈុត​ប៊ីគីនី ដើរ​កណ្តាល​យប់ ទើប​ធ្វើ​ឲ្យ​ពួក​ជនទុច្ចរិក​អត់​ទ្រាំ​មិនបាន។ លោក​បាន​និយាយ​ទៀត​ថា ពួក​ទេសចរ​បរទេស​ គិត​ថា ថៃ​ជា​ប្រទេស​ដ៏​ស្រស់​បំព្រង ជា​ស្ថានសួគ៌ ម្លោះហើយ​ពួក​នេះ ធ្វើ​អ្វី​តាម​តែ​ចិត្ត ស្លៀកពាក់​លេចលើ​លេចក្រោម ដើរ​រហេតរហូត​ ផឹកស៊ី​កណ្តាល​អាធ្រាត្រ មិនបាន​ប្រយ័ត្ន​ប្រយែង​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន។ លោក​បន្ថែម​ថា ស្រីៗ​ស្លៀក​ប៊ីគីនី ដើរ​រហេតរហូត​បែប​នេះ​ ប្រឈមមុខ​នឹង​គ្រោះថ្នាក់​ណាស់ លើក​លែង​តែ​ជា​ស្រ្តី ដែល​មាន​រូបរាង្គ​មិន​ស្អាត។ សម្តី​រិះគន់​ដែល​ខ្វះ​ការ​ទទួល​ខុសត្រូវ ក្នុងនាម​ខ្លួន​ជា​​ថ្នាក់ដឹកនាំ​​បែប​នេះ ​បាន​ធ្វើ​ឲ្យ​​ស្ថានទូត​ចក្រភព​អង់គ្លេស​មិន​ពេញ​ចិត្ត ហើយ​បាន​សរសេរ​លិខិត​ទៅ​ក្រសួង​ការបរទេស​ថៃ​ ដើម្បី​ទទួល​បាន​ការ​ពន្យល់។

សូម​បញ្ជាក់​ថា វិស័យ​ទេសចរណ៍​នៅ​ប្រទេស​ថៃ ជា​វិស័យ​ចម្បង ដែល​នាំ​ប្រាក់​ចំណូល​ឲ្យ​ប្រជាពលរដ្ឋ។ កាល​ពី​ឆ្នាំ​២០១៣ ទេសចរ​​បរទេស​សរុប​ ប្រមាណ​ជា​ជាង​២៦លាន​នាក់​ បាន​មក​កម្សាន្ត​នៅ​ប្រទេស​ថៃ។ ករណី​ឃាតកម្ម​ថ្មី​នេះ​ នឹង​ធ្វើ​ឲ្យ វិស័យ​ទេសចរណ៍ ដែល​បាន​ធ្លាក់ចុះ​មួយកំរិត​ធំ​ទៅ​ហើយ ដោយសា​តែ​វិបត្តិ​នយោបាយ កូដកម្ម​ហិង្សា​រ៉ាំរ៉ៃ​អស់​រយៈពេល​ជិត​មួយឆ្នាំ​កន្លង​មក​នេះ នឹង​បន្ត​ចុះ​អន់ថយ​កាន់តែ​ខ្លាំង​ឡើង​ថែម​ទៀត។ លោក​ប្រាយុទ្ធ​ ចន្ទអូចា បាន​និយាយ​ថា​នឹង​ស្តារ​កិត្តនាម​ប្រទេសថៃ ជា​ដែនដី​នៃ​ស្នាម​ញញឹម ឲ្យ​បានល្អ​​ឡើង​វិញ ព្រោះថា​កន្លង​មក មាន​រឿង​អាស្រូវ​ជាច្រើន ទាក់ទង​ទៅនឹង​ឃាតកម្ម​លើ​ជន​បរទេស និង​​ការ​បោកប្រាស់ កេញ​ប្រវញ្ច​លើ​ពួក​ទេសចរ​ជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ