អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តួកគី​អាច​ជា​ឆ្អឹង​ទទឹង​ក​របស់​សម្ព័ន្ធ​អន្តរជាតិ​ដែល​ចង់​ប្រយុទ្ធប្រឆាំង​នឹង​ពួកជីហាត​អ៊ីរ៉ាក់

ចុះផ្សាយ​នៅ​ថ្ងៃ៖

តាំងពី​ចុងសប្តាហ៍មុន សហរដ្ឋអាមេរិក​បាន​ប្រកាស​ប្រមែប្រមូល​បាន​ប្រទេស​ជាង ៤០​ឲ្យ​ចូលរួម​ក្នុង​សម្ព័ន្ធ​អន្តរជាតិ​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត​អ៊ីរ៉ាក់​ រដ្ឋអ៊ីស្លាម ដែល​រហូត​មក​ដល់​ពេលនេះ​កំពុង​ពង្រីក​ដែន​គ្រប់គ្រង​របស់ខ្លួន​នៅក្នុង​ទឹកដី​អ៊ីរ៉ាក់ និង​ស៊ីរី។ ប្រទេស​អារ៉ាប់​មួយចំនួន​ ដូចជា​អារ៉ាប៊ី សាអូឌីត និង​កាតា​ជា​ដើម បាន​សស្រាក់សស្រាំចូលរួម​ជាមួយ​អាមេរិក ដោយសារ​តែ​ខ្លាចក្រុមជីហាត​ពង្រីក​ឥទ្ធិពល និង​ចូលទៅ​គំរាមកំហែង​ក្នុង​ប្រទេស​ខ្លួន។ ផ្ទុយ​ពី​ប្រទេស​ពីរ​ខាងលើ ប្រទេស​តួកគី​ដែល​មាន​ព្រំដែន​ជាប់​នឹង​ស៊ីរី និង​អ៊ីរ៉ាក់​បែរ​ជា​បង្ហាញ​ការស្ទាក់ស្ទើរ​មិន​សូវ​ចង់​ប្រលូក​ក្នុង​ប្រតិបត្តិការ​យោធា​របស់​អាមេរិក​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត។ ហេតុអ្វី​បានជា​ដូច្នេះ?  

ប្រធានាធិបតី​តួកគី​ Recep Tayyip Erdogan ជួប​ប្រមុខការបរទេស​អាមេរិក នៅ​ទីក្រុង​អង់ការ៉ា កាលពីថ្ងៃ​សុក្រ​ទី ១២​កញ្ញា
ប្រធានាធិបតី​តួកគី​ Recep Tayyip Erdogan ជួប​ប្រមុខការបរទេស​អាមេរិក នៅ​ទីក្រុង​អង់ការ៉ា កាលពីថ្ងៃ​សុក្រ​ទី ១២​កញ្ញា ©REUTERS/Brendan Smialowski/Pool
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃ​ដែល​សម្ព័ន្ធអារ៉ាប់​ប្រកាស​គាំទ្រ​យុទ្ធសាស្រ្ត​យោធា​របស់​អាមេរិក​ប្រឆាំង​នឹង​ក្រុម​ជីហាត​អ៊ីរ៉ាក់ រដ្ឋអ៊ីស្លាម នៅ​ស៊ីរី និង​នៅ​អ៊ីរ៉ាក់ រដ្ឋាភិបាល​តួកគី​វិញបាន​ប្រកាស​ជា​ផ្លូវការ​ថា ខ្លួន​នឹង​មិន​ចូលរួម​នៅក្នុង​ប្រតិបត្តិការ​យោធា​ដែល​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិកទេ។ ទីក្រុង​អង់ការ៉ា​បាន​​​សន្យា​ថា ខ្លួន​នឹង​​ផ្តល់​មូលដ្ឋានទ័ព​ឲ្យ​សម្ព័ន្ធ​អន្តរជាតិ ប៉ុន្តែ គេ​ត្រូវ​ប្រើប្រាស់វា ​ក្នុង​ក្របខ័ណ្ឌ​​សកម្មភាព​មនុស្ស​ធម៌ និងការ​ប្រមូល​ព័ត៌មាន​ ទាក់ទង​នឹង​សកម្មភាព​របស់​ពួកជីហាតនៅ​ស៊ីរី និង​នៅអ៊ីរ៉ាក់។

 
ជាដំណឹង​ផ្លូវការ រដ្ឋាភិបាល​តួកគី​មិន​ចង់​ប្រលូក​​ខ្លួន​ចូល​ក្នុង​ប្រតិបត្តិការ​យោធា​របស់​អាមេរិក​នៅ​អ៊ីរ៉ាក់ និង​ស៊ីរី ដោយសារ​តែ​តួកគី​មិន​ចង់​ប្រឈម​មុខ​ តាំង​ខ្លួន​ជា​សត្រូវ​របស់​ក្រុមជីហាត រដ្ឋអ៊ីស្លាម។ ទីក្រុង​អង់ការ៉ា​ខ្លាច​ថា ក្រុមជីហាតអាច​ សម្លាប់ សងសឹក​ ប្រជាជន​តួកគី​ ដែល​ក្រុមជីហាត​កំពុង​ចាប់ជា​ចំណាប់​ខ្មាំង​ក្នុងទឹកដី​អ៊ីរ៉ាក់ ប្រសិន​បើ​តួកគី​ចូលដៃ​ជាមួយអាមេរិក​ដើម្បី​វាយប្រហារ​ទៅលើ​ក្រុមជីហាត។

នេះជា​ហេតុផល​​​ផ្លូវការ​ដែល​រដ្ឋាភិបាល​តួកគី​លើក​យក​មក​អះអាង​ដើម្បី​បញ្ជាក់​ពី​ជំហរ​របស់ខ្លួន មិនចង់​​ចូលរួម​​ក្នុង​ប្រតិបត្តិការ​យោធា​របស់​អាមេរិក​ប្រឆាំង​នឹង​ក្រុមជីហាត។ ប៉ុន្តែ បើ​តាម​ក្រុមអ្នកជំនាញ​តំបន់​ដើម​បូព៌ា មាន​ហេតុផល​សំខាន់​ជាងនេះ​ដែល​ធ្វើ​ឲ្យ​ទីក្រុង​អង់ការ៉ា​ ស្ទាក់ស្ទើរ មិនចង់​​ចូល​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុមជីហាតអ៊ីរ៉ាក់។ ទីមួយ គឺ​ហេតុផល​នយោបាយ និង​ឥទ្ធិពល​សាសនា​​នៅក្នុង​តំបន់។ រដ្ឋាភិបាល​តួកគី​មិន​ចង់​ផ្តល់​ទីតាំង ដល់​ក្រុម​សម្ព័ន្ធ​អន្តរជាតិ ឬ​ក៏​បំពាក់​អាវុធ​ដល់​ក្រុមប្រឆាំង​ស៊ីរី ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ក្រុម​ជីហាត ព្រោះ​តែ​តួកគី​ភ័យ​ខ្លាច​ថា អាវុធ​របស់​ខ្លួន និង​សព្វាវុធ​របស់​សម្ព័ន្ធ​អន្តរជាតិ​ធ្លាក់​នៅក្នុង​ដៃ​របស់​ក្រុម​គៀរឌីស្ថាន​ស៊ីរី ឬ​ក្រុម​គៀរឌីស្ថាន​តួកគី ដែល​ពេលនេះ កំពុង​កៀកស្មា​ជាមួយ​ក្រុមប្រឆាំង​ស៊ីរី និង​ប្រយុទ្ធតទល់​នឹង​ក្រុមជីហាត​អ៊ីរ៉ាក់។ សម្រាប់​រដ្ឋាភិបាល​តួកគី ក្រុមគៀរឌីស្ថាន​តួកគី ជាសត្រូវ​គំរាមកំហែង​អំណាច​របស់ខ្លួន នៅក្នុង​ប្រទេស។ ដូច្នេះ ទីក្រុង​អង់ការ៉ា​គ្មាន​ហេតុផល​អ្វី​ដែល​ត្រូវ​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត ដែល​រហូតមក​កំពុង​ជួយទប់ទល់​អំណាច​របស់​ក្រុម​គៀរឌីស្ថាន ដែល​ជា​សត្រូវ​ក្នុង​ស្រុក​របស់ខ្លួនទេ។ និយាយ​ពី​និកាយ​សាសនា​វិញ តួកគី​មាន​សំបូរ​រស់នៅដោយក្រុម​និកាយ​ស៊ុននីត ដែល​រហូតមកដល់​ពេលនេះ​កំពុង​ចូលរួម​ប្រយុទ្ធ​ច្រើន​នៅក្នុង​ជួរ​ក្រុមជីហាត​អ៊ីរ៉ាក់។

ទីពីរទៀត ការណ៍​ដែល​តួកគី​មិន​ព្រម​ចូលរួម​យ៉ាង​សកម្ម​ដើម្បី​កាត់បន្ថយ​អំណាច​របស់​ក្រុមជីហាតអ៊ីរ៉ាក់ ក៏ដោយសារ​តែ​តួកគី​បាន​ទទួល​ប្រយោជន៍​សេដ្ឋកិច្ច​មិនតិចទេ ចាប់តាំង​ពីវិបត្តិ​ អសន្តិសុខ​កើតមាន​នៅ​ក្នុង​ប្រទេស​ស៊ីរី និង​អ៊ីរ៉ាក់ ក្នុង​រយៈពេល​បីឆ្នាំ​ចុង​ក្រោយ​នេះ។ ក្រុមជីហាត​អ៊ីរ៉ាក់​ដែល​វាយដណ្តើម​យក​បាន​ទីក្រុង​សំបូរប្រេង​មួយ​ចំនួន​របស់​ស៊ីរី និង​នៅ​អ៊ីរ៉ាក់​បាន​លក់​ប្រេង​ឆៅក្នុង​តម្លៃ​ថោក​ទៅ​ឲ្យតួកគី។ ​អាមេរិក​ និង​ក្រុមប្រទេស​សម្ព័ន្ធមិត្ត​ផ្សេងទៀត បាន​ចោទ​តួកគី​ក្នុង​នាម​ជាអ្នកទិញ​ប្រេងដ៏​សំខាន់​​ពី​ក្រុម​ជីហាត​អ៊ីរ៉ាក់ ថា ជាអ្នកផ្គត់ផ្គង់​ ជួយ​ធ្វើ​ឲ្យ​ក្រុមនេះ​សំបូរ​លុយ យក​ទៅទិញ​អាវុធ​ដើម្បី​បង្ក​វិនាសកម្ម​​សម្លាប់​ម​នុស្ស​ នៅអ៊ីរ៉ាក់ និង​នៅ​ស៊ីរី។

ប្រទេស​នៅ​អឺរ៉ុប​ជាច្រើន ក៏​បាន​ចោទប្រកាន់​រដ្ឋាភិបាល​ទីក្រុង​អង់ការ៉ា​ផងដែរ ថា ធូររលុង​​ធ្មេចភ្នែក អនុញ្ញាត​ឲ្យ​ជនបរទេស​ ប្រើប្រាស់​ទឹកដី​រតួកគី ដើម្បី​ឆ្លងដែន​​ចូល​ប្រយុទ្ធ​ជាមួយ​ក្រុមជីហាត ក្នុង​ទឹកដី​ស៊ីរី។ តួកគី បិទភ្នែក​ឲ្យ​យុវជន​បរទេស​ចូល​ទៅប្រយុទ្ធជាមួយ​ក្រុមជីហាត ​នៅ​ទឹកដី​ស៊ីរី ដោយសារ​តែ​តួកគី​ចង់​ឃើញ​របប​លោក​បាស្ហា អាល់អាសាដ​ដួលរលំ​ដោយ​ដៃ​ក្រុមជីហាត។

សម្រាប់​សម្ព័ន្ធ​អន្តរជាតិ និង​អាមេរិក តួកគី​ដើរ​តួនាទី​យ៉ាង​សំខាន់ ដើម្បី​កាត់បន្ថយ​ឥទ្ធិពល​ មហាអំណាច​របស់​ក្រុមជីហាតអ៊ីរ៉ាក់។ គេ​អាច​កាត់បន្ថយ​ទាំង​ថវិកា និង​សមាជិក​របស់ក្រុម​ជីហាត​អ៊ីរ៉ាក់ ប្រសិន​បើ​តួកគី​យល់ព្រម​បិទព្រំដែន ឈប់​ឲ្យ​ក្រុម​ជន​បរទេស​ចូលទៅប្រយុទ្ធ​នៅ​ទឹកដី​ស៊ីរី​ជាមួយ​ក្រុម​ជីហាត និង​បំបាត់​ចោល​ទីផ្សារ​ងងឹត​ដែល​លក់​ប្រេង​ខុសច្បាប់​​របស់​​ក្រុមជីហាត។ យោងតាម​ប្រធាន​វិទ្យាស្ថាន​ថាមពល​អ៊ីរ៉ាក់ តែ​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​មួយ ក្រុមជីហាត​ដែល​បាន​បូមប្រេង នៅក្នុង​តំបន់​កាន់កាប់​របស់ខ្លួនយក​ទៅលក់​នៅ​ផ្សារ​ងងឹត​ក្នុង​ប្រទេស​តួកគី​ អាច​រក​​​ប្រាក់​បាន​​​ជិត ២​លាន​ដុល្លារ​ក្នុង​មួយ​ថ្ងៃៗ។

ដោយសារ​តែ​ការដាក់​គំនាប​ខ្លាំង​ពី​ប្រទេស​សម្ព័ន្ធមិត្ត ជាពិសេស​អឺរ៉ុប តួកគី​បាន​ពង្រឹង​ការត្រួតពិនិត្យ​ នៅ​តាម​ព្រំដែន​ជាមួយ​ប្រទេស​ស៊ីរី និង​បាន​ចាប់ឃាត់​ខ្លួន​​យុវជន​បរទេស​ជាច្រើន​រយនាក់ដែល​ចង់​ឆ្លង​ដែន​ចូល​ទៅក្នុង​ប្រទេស​ស៊ីរី តាម​រយៈ​ទឹកដី​តួកគី។ តួលេខ​ហាក់​បង្ហាញ​ថា តួកគី​បាន​ចូលរួម​ទប់ស្កាត់​កុំ​ឲ្យ​ក្រុមជីហាត​រើស​បាន​ក្រុមប្រយុទ្ធ​ថ្មី ប៉ុន្តែ តាម​សេចក្តីរាយការណ៍​របស់កាសែត​ក្នុងស្រុក កាលពី​ចុង​ខែ​មុននេះ គេ​នៅឃើញ​នៅ​ឡើយ ​​ជំរំ​ហ្វឹកហ្វឺន​មួយ​របស់​ក្រុម​អ៊ីស្លាម​ជ្រុលនិយម​ ដែល​ជា​សមាជិក​របស់​ក្រុមជីហាត​អ៊ីរ៉ាក់ នៅក្នុង​ទឹកដី​តួកគី។

ដោយសារ​ប្រយោជន៍​សេដ្ឋកិច្ច និង​ផលចំណេញ​ភូមិសាស្ត្រ​នយោបាយ ដែល​បាន​មកពី​វត្តមាន​របស់​ក្រុមជីហាត​នៅ​អ៊ីរ៉ាក់ និង​នៅ​ស៊ីរី តួកគី​អាច​មិន​ងាយ​លះបង់​ចោល​ល្បែង​យុទ្ធសាស្រ្ត​របស់​ខ្លួន គឺ​ការ​គាំទ្រ​ក្រុមជីហាត។ ដូច្នេះ យុទ្ធសាស្រ្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​ជីហាត រហូត​ធ្វើ​ឲ្យ​ក្រុមនេះ​ត្រូវ​បំផ្លាញ​ទាំងស្រុង​របស់​លោក​អូបាម៉ា​​អាច​នឹង​ត្រូវការ ពេល​វេលា​វែង ព្រោះថា សម្ព័ន្ធមិត្ត​របស់​អាមេរិក​នៅក្នុង​អង្គការ​អូតង់​ហាក់​មិន​ចង់​ចូលរួម​ជាមួយ​អាមេរិក​ប៉ុន្មានទេ។ តាម​ការប៉ាន់​ស្មាន​របស់​លោក​ប្រធានាធិបតី​អាមេរិក គេ​អាច ត្រូវការ​ពេល​​យ៉ាងតិច ៣​ឆ្នាំ ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត​អ៊ីរ៉ាក់ រដ្ឋអ៊ីស្លាម៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ