អានតួអត្ថបទ
ជប៉ុន

ស្ថានភាព​វិបត្តិ​នុយក្លេអ៊ែរ នៅ​ជប៉ុន​មាន​ការប្រសើរ​ទៅមុខ ប៉ុន្តែ​យឺត

ចាប់​តាំង​ពី​ថ្ងៃ​ព្រហស្បតិ៍ ​ទី ១៧ មីនា គេ​មិន​ឃើញ​មានករណី​ផ្ទុះ និង​ភ្លើងឆេះ នៅ​ម៉ាស៊ីន​ប្រតិកម្ម នៅ​រោងចក្រ​អគ្គិសនី ដើរដោយ​ថាមពល​នុយក្លេអ៊ែរ Fukushima។ សម្រាប់​អ្នកជំនាញ​នុយក្លេអ៊ែរ​ជប៉ុន នេះ​ជា​សញ្ញា​ល្អ​មួយ បន្ទាប់ពី​បាន​ខិតខំ​យក​ទឹក​ទៅ​ស្រោចចាក់​ម៉ាស៊ីន​ប្រតិកម្ម​​វិបត្តិនុយក្លេអ៊ែរ។ ក្តីសង្ឃឹម​​ជៀសផុត​ពី​គ្រោះថ្នាក់​ផ្ទុះ​រោងចក្រ​នុយក្លេអ៊ែរ ត្រូវ​បាន​គេ​មើលឃើញ​ជាបណ្តើរៗ​ហើយ នៅថ្ងៃ​នេះ។

ឡានដឹកទឹក​ដែល​ត្រូវ​ទៅ​បាញ់​ទឹក​លើ​រោងចក្រ​នុយក្លេអ៊ែរ Fukushima នៅ​ថ្ងៃ​សុក្រ​ទី ១៨ មីនា ២០១១
ឡានដឹកទឹក​ដែល​ត្រូវ​ទៅ​បាញ់​ទឹក​លើ​រោងចក្រ​នុយក្លេអ៊ែរ Fukushima នៅ​ថ្ងៃ​សុក្រ​ទី ១៨ មីនា ២០១១ Reuters/Kyodo
ផ្សាយពាណិជ្ជកម្ម

 

04:08

សេចក្តីរាយការណ៍​របស់​ឈាង បុប្ផា

ឈាង បុប្ផា

គ្មាន​គ្រោះថ្នាក់​ផ្ទុះ ឬ​ភ្លើងឆេះ នៅ​រោងចក្រ​នុយក្លេអ៊ែរ Fukushima នៅប៉ុន្មាន​ថ្ងៃ​នេះ បាន​ធ្វើ​ឲ្យ​អាជ្ញាធរ​ជប៉ុន​សង្ឃឹម​ថា នឹង​មាន​ឱកាស​ស្តារ​ម៉ាស៊ីន​ប្រតិករ​ឲ្យ​ដំណើរការ​ឡើងវិញ។ អ្វី​ដែល​អាជ្ញាធរ​ជប៉ុន​នៅបន្ត ប្រញឹកដៃ​ធ្វើ គឺ​ប្រើទឹក​ចាក់ និង​បាញ់ពីខាងក្រៅទៅ​លើ​ម៉ាស៊ីន​ប្រតិកម្ម​ទាំងបួន។

ហើយ ជាលើក​ទីមួយ នៅថ្ងៃ​ម្សិលមិញ ឧទ្ធម្ភាគចក្រ​យោធា​ជប៉ុន បួនគ្រឿង​បាន​ចេញ​ប្រតិបត្តិការ​ ទៅ​ជួយ​ដឹក​ទឹក​ដើម្បី​ចាក់​ស្រោច​លើ​ម៉ាស៊ីន​ប្រតិកម្ម។ ឡាន​ដឹកទឹក នៅ​បន្ត​សម្រុក​បាញ់ទឹក​ទៅ​លើ​អគារ​មាស៊ីន​ប្រតិករ​ទាំង​បួន ដែល កាលពីប៉ុន្មាន​ថ្ងៃ​នេះ ជួប​បញ្ហា​ផ្ទុះ និង​ភ្លើងឆេះ។

ការប្រើ​ឧទ្ធម្ភាគចក្រ​ដើម្បីស្រោចទឹកពីលើ និង​ឡាន​បាញ់ទឹក ជា​ជម្រើស​ថ្មី​មួយ បន្ទាប់ពី​ប្រព័ន្ធ​រក្សា​កំដៅ​សីតុណ្ហភាព​ម៉ាស៊ីនប្រតិករ ​ឆេះខូច រួមផ្សំ​នឹង​ម៉ាស៊ីនភ្លើង​ដែល​ខូចធ្ងន់ធ្ងរ​ដោយសារ​គ្រោះរញ្ជួយ​ដី កាលពីថ្ងៃ​សុក្រ សប្តាហ៍​មុន។ គេ​ត្រូវការ​ចាំបាច់​បំផុត ទឹកត្រជាក់ ដើម្បី​រក្សា​កំដៅ​ស្នូល​ម៉ាស៊ីន​ប្រតិកម្ម កុំ​ឲ្យ​ខ្ពស់​ពេក ព្រោះ បើ​ស្នូល​ដែល​មាន​ផ្ទុក​អ៊ុយរ៉ានីញ៉ូម​ក្តៅពេក វា​អាច​ផ្ទុះ បញ្ចេញសារធាតុ​វិទ្យុសកម្ម នោះមកក្រៅ។ គេ​ត្រូវ​ដឹងថា ស្នូល​នុយក្លេអ៊ែរ​របស់​ម៉ាស៊ីន​ប្រតិករ​មួយៗ មាន​កំដៅ​មិន​តិចជាង ២០០០​អង្សារទេ។

នៅថ្ងៃ​នេះ អ្នកជំនាញ​នុយក្លេអ៊ែរ​ជប៉ុន​និយាយ​ថា​ពេលនេះ​គេ​កំពុង​ផ្តោត​ការងារ​ចំបង និង​ស្រោចទឹក​ជាអចិន្ត្រៃយ៍ ទៅលើ​ម៉ាស៊ីន​ប្រតិកម្ម​ទីបី ដែលមាន​ស្ថានភាព​យ៉ាប់ ​ជាងគេ ពីព្រោះ ខុសពី​ម៉ាស៊ីន​ប្រតិកម្ម​ទីមួយ ទីពីរ និង​ទី បួន អាង​ស្តុក​ទឹកត្រជាក់​សម្រាប់​រក្សា​កំដៅ​ស្នូល​នុយក្លេអ៊ែរ​ដែល​ប្រើរួចហើយ របស់​ម៉ាស៊ីន​ប្រតិកម្ម​ទីបី​បាន​បាក់បែក​ខូចខាត ដោយសារ​ការផ្ទុះ កាលពី​ប៉ុន្មាន​ថ្ងៃមុន។

ប្រអប់បិទ​ជិត​ដែល​ធ្វើ​ពី​បេតុង និង​ដែក​ត្រូវ​គេ​ប្រើ​គ្រប​លើ​ម៉ាស៊ីន​ប្រតិកម្ម កុំ​ឲ្យ​សារធាតុ​វិទ្យុសកម្ម​សាយភាយ​ក្នុង​បរិយាកាស ​ក្រោយ​ការផ្ទុះ​រោងចក្រ​នុយក្លេអ៊ែរ​នៅ​Tchernobyl
ប្រអប់បិទ​ជិត​ដែល​ធ្វើ​ពី​បេតុង និង​ដែក​ត្រូវ​គេ​ប្រើ​គ្រប​លើ​ម៉ាស៊ីន​ប្រតិកម្ម កុំ​ឲ្យ​សារធាតុ​វិទ្យុសកម្ម​សាយភាយ​ក្នុង​បរិយាកាស ​ក្រោយ​ការផ្ទុះ​រោងចក្រ​នុយក្លេអ៊ែរ​នៅ​Tchernobyl (Photo : Reuters)

បិទ​គ្របម៉ាស៊ីន​ប្រតិកម្ម​ឲ្យ​ជិត?

អាជ្ញាធរ​ជប៉ុន បាន​បញ្ជាក់​ថា គេ​មិន​បាន​បោះបង់​ចោល​គំនិត​ដែល​ថា នឹង​កប់​ម៉ាស៊ីន​ប្រតិកម្ម ដូច​កាលគេ​បាន​ធ្វើ​នៅ​រោងចក្រ​នុយក្លេអ៊ែរ Tchernobyl នៅ​អ៊ុយក្រែននោះទេ​ (Sacophage Tchernobyl)។ កាលណោះ បន្ទាប់ពី​រោងចក្រនុយក្លេអ៊ែរ​ផ្ទុះ គេ​បាន​បោះ បាវ​ដីខ្សាច់​រាប់ពាន់ រាប់ម៉ឺន​ទៅ​ក្នុង​ម៉ាស៊ីន​ប្រតិកម្ម​ដើម្បី​ទប់​កុំ​ឲ្យ​សារធាតុ​វិទ្យុសកម្ម​សាយភាយ​ចេញមកក្រៅ។ បន្ទាប់មក គេ​បាន​សង់​គម្រប​ Sacophage មួយ​ធ្វើ​ពីបេតុង និង​ដែក​កម្រាស់​ក្រាសឃ្មឹក ដើម្បី​ដាក់​គ្រប​បិទ​ម៉ាស៊ីន កុំ​ឲ្យ​មាន​ផ្ទុះ​សាយភាយ​សារធាតុ​វិទ្យុសកម្ម​ចេញមកក្រៅ។

ក្នុង​ករណី​ជប៉ុន នេះ អ្នកជំនាញ​នុយក្លេអ៊ែរ​បាន​និយាយ​ថា ជម្រើស​នេះ​ធ្លាប់​បាន​ត្រូវ​គេ​គិតទុក​រួចហើយ។ គឺ​គេ​គ្រោង​នឹង​សង់​ប្រអប់​បិទជិត​ធ្វើពីបេតុង ដាក់គ្រប​ពី​លើ​ម៉ាស៊ីន​ប្រតិកម្ម។ នេះ គឺ​ជា​ជម្រើស​ចុងក្រោយ​បំផុត​ដើម្បី​ជៀសវាង​គ្រោះមហន្តរាយ​ដែល​បណ្តាញ​មក​ពី​ការលេចចេញ​សារធាតុ​វិទ្យុសកម្ម។

ទោះជាយ៉ាងណា អាទិភាព​របស់​ពួកគេ ពេលនេះ គឺ​បន្ថយកំដៅ​របស់​ស្នូល​ម៉ាស៊ីន​ប្រតិកម្ម​ទាំងបួន កុំ​ឲ្យ​វា​ផ្ទុះ។ ក្នុង​ខណៈនេះ ក្រុមហ៊ុន​TEPCO ដែល​ជា​ម្ចាស់​រោងចក្រ​នុយក្លេអ៊ែរ Fukushima ​កំពុង​រៀបចំ ជួសជុល តបណ្តាញ យក​អគ្គិសនី​ពីសុ្រកជិតខាង ដើម្បី​យក​មក​ផ្គត់ផ្គង់ ដាក់​ឲ្យ​ដំណើរការ​ម៉ាស៊ីន​បូមទឹក​នៅ​ម៉ាស៊ីន​ប្រតិកម្មទាំងបួន។
អាជ្ញារជឿជាក់​ថា យ៉ាងហោចណាស់ ម៉ាស៊ីន​ប្រតិកម្ម​ពីរ នឹង​មានថាមពល​អគ្គិសនី​ឡើងវិញ នៅ​យប់​ថ្ងៃ​សុក្រ​ទី ១៨មីន ហើយ ម៉ាស៊ីន​បួនទៀត នឹង​មាន​ថាមពល​អគ្គិសនី អាច​បូមទឹក​ខ្លួន ឯង ចាប់ពីថ្ងៃ​អាទិត្យ ទី ២០ មីនានេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ